(រីយ៉ាដ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ បានបើកកិច្ចសន្ទនាមួយតាមទូរស័ព្ទ ដើម្បីអបអរសាទរការចាប់ផ្ដើមខែរ៉ាម៉ាឌន ដែលជាខែតមអាហារនៅពេលថ្ងៃរបស់អ្នកកាន់សាសនា អ៉ីស្លាម ជាមួយការសន្យាថានឹងជួបមុខគ្នាដោយផ្ទាល់ឆាប់ៗនេះ ក្នុងគោលបំណងអនុវត្តតាមកិច្ច ព្រមព្រៀងផ្សះផ្សាជម្លោះរវាងប្រទេសទាំង២។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Twitter នៅថ្ងៃ ព្រហស្បតិ៍នេះ បានឱ្យដឹងទៀតថារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន់ (Faisal bin Farhan) បានហៅទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) ហើយសមភាគីទាំង២ បានអបអរ សាទរគ្នា ទៅវិញទៅមក នាឱកាសនៃការចាប់ផ្ដើមខែរ៉ម៉ាឌន នៅក្នុងប្រទេសទាំង២នៅថ្ងៃ ព្រហស្បតិ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថារដ្ឋមន្ត្រីការបរទេសទាំង២ ក៏បានឯកភាព ផងដែរលើការរៀបចំ កិច្ចប្រជុំទេ្វភាគីឆាប់ៗខាងមុខ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបើកស្ថានទូត និងស្ថានកុងស៊ុលឡើងវិញ៕