សម្តេចក្រឡាហោម ស ខេង លើកឡើងថា អ្នកដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានជនបរទេស ៨៧១នាក់


 (ភ្នំពេញ)៖ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់អំឡុងខែមីនា ២០២៣ មានបណ្តឹងជាច្រើន ដែល បានផ្ញើចូលមក ដោយបានធ្វើចំណាត់ការពាក់ព័ន្ធបន្តទៅខេត្តចំនួន១១ និង រកឃើញមនុស្សពាក់ ព័ន្ធ ១៣សញ្ជាតិ។ ក្នុងនោះ អ្នកដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស មានជនបរទេស ៨៧១នាក់ មកពី ១២ប្រទេស ដែលក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញថា មាន ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យ ប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ។

នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ជាតិឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និបាត វិទ្យាស្ថាន ជាតិអប់រំ។

សម្តេចក្រឡាហោម ក៏បានថ្លែងទៀតថា ភាគច្រើន គឺករណីធ្វើអន្តោប្រវេសន៍ខុសច្បាប់ ធ្វើការងារ ខុសច្បាប់ និងចូលរួមក្នុងអំពើល្មើសដោយស្ម័គ្រចិត្ត (ឧទាហរណ៍ បង្កើតកម្មវិធីបោកជនរងគ្រោះ ការងារឆបោកអ្នកដទៃ ដោយទទួលបានបៀវត្សរ៍ ឬកម្រៃខ្ពស់…) ដែលត្រូវបានអនុវត្តតាមច្បាប់ អន្តោប្រវេសន៍កម្ពុជា ធ្វើការបណ្តេញចេញ ចំនួន ២.៤៥៥នាក់។ ចំណែកប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើទេសន្តរប្រវេសន៍ ទៅធ្វើការក្នុងប្រទេសក្រៅ ជាពិសេស ក្នុងប្រទេសថៃ មានរាប់សែន នាក់ ដែលផុតសុពលភាពឯកសារ និងត្រូវប្រឈមនឹងការធ្វើការងារខុសច្បាប់បន្តទៀត ដែលចាំ បាច់ត្រូវមានកិច្ចសហការដើម្បីរកនីតិវិធីសមស្រប ដើម្បីដោះស្រាយ ជៀសវាង ការវិលមករកបញ្ហា ដដែលៗ ដូចដែលកើតមានជាយូរមកហើយ និងកាន់តែធ្ងន់ធ្ងរទៅ។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា ទាំងនេះជាកង្វល់ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវ បង្កើនការយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហា ដោយបង្កើនការអប់រំផ្សព្វផ្សាយ រឹតបន្តឹងផ្នែក ច្បាប់ និងពង្រីកកិច្ចសហការជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព ដែលឆ្ពោះទៅកាន់ភាពរងគ្រោះទាំងនោះ។ សម្តេចក្រឡាហោម បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំង អស់ បង្កើនការយកចិត្តទុកដាក់ក្នុងការស្តាប់ការណែនាំរបស់មន្រ្តីជំនាញ ចូលរួមពិភាក្សាក្នុងវេទិកា សាធារណៈឱ្យបានច្រើន ដើម្បីបានស្តាប់មតិយោបល់ពីអ្នកដទៃ និងព្យាយាមស្វែងរកជម្រើស ក្នុង ការរស់នៅដែលល្អប្រសើរ មិនប្រថុយប្រថាន មិនចាកចោល ឬបោះបង់គ្រួសារ ឬអ្នកនៅក្រោម អាណាព្យាបាល ដោយដើរផ្សងព្រេងមិនច្បាស់លាស់ ដែលនាំឲ្យប្រឈមនឹងគ្រោះថ្នាក់នោះ ឡើយ។

បើតាមសម្តេចក្រឡាហោម រាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈ ផ្តល់បណ្តុះបណ្តាលជំនាញ បច្ចេកទេស ដែលឆ្លើយតបទៅនឹងទីផ្សារការងារ ដែលកំពុងតែមានតម្រូវការទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ជូនដល់ពលរដ្ឋដែលត្រូវការជំនាញ ការងារ និងមុខរបរ ជៀសវាងការប្រថុយ ប្រថាន ផ្សងព្រេងដោយខុសច្បាប់ ដែលប្រឈមនឹងភាពរងគ្រោះ ឬការកេងប្រវ័ញ្ច៕