(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ថ្ងៃអនាគត បានជំរុញឲ្យពង្រឹងគុណភាពពេទ្យ ដោយបញ្ជាក់ថាពេទ្យត្រូវមានមូលដ្ឋាន ច្បាស់លាស់ ដែលពេទ្យធ្វើការងាររបស់ទេវតា ប៉ុន្តែពេទ្យមិនមែនជាទេវតាឡើយ។
តាមរយៈបណ្ដាញសង្គម ឯកឧត្តម បណ្ឌិតបានពន្យល់ថា អាជីពជាគ្រូពេទ្យខុសពីអាជីពផ្សេងទៀត ដែលខុសហើយអាចកែតម្រូវបាន។ លោកថ្លែងថា គ្រូពេទ្យបើព្យាបាលជំងឺខុសហើយ នោះហ្នឹង ពិបាក។
«នៅពេលដែលយើងនៅរៀនគ្រូកែខុសមិនអីទេ ប៉ុន្តែនៅពេលដែលយើងចេញធ្វើការ យើងធ្វើខុស គេប្ដឹង ឬមានវិប្បដិសារី រឿងនេះសំខាន់ណាស់ដែលយើងត្រូវមានមូលដ្ឋានច្បាស់លាស់ ពិតណាស់ ពេទ្យធ្វើការងាររបស់ទេវតា តែពេទ្យមិនជាទេវតាទេ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។
ទោះជាយ៉ាងនេះក្តី ឯកឧត្តម ក៏បានបញ្ជាក់ដែរថា ពេទ្យបានធ្វើការងារទេវតា ដោយព្យាបាលមនុស្ស ខំប្រឹងជួយជីវិតមនុស្ស ប៉ុន្តែពេទ្យមិនមែនទេវតាដែលអាចធ្វើឲ្យមនុស្សជួយបាន១០០% ទេ ប៉ុន្តែ ពួកគេក៏ខិតខំអស់លទ្ធភាពផងដែរ៕