លោក ពូទីន ថ្កោលទោសអង់គ្លេស ជុំវិញគម្រោងបញ្ជូនគ្រាប់រថក្រោះមានផ្ទុក «កាកសារធាតុ អ៊ុយរ៉ាញ៉ូម» ឱ្យអ៊ុយក្រែន


 (មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្កោល ទោសចក្រភពអង់គ្លេស ចំពោះផែនការបញ្ជូនគ្រាប់រំសេវដែលមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ទៅឱ្យអ៊ុយក្រែនដោយនិយាយថាទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្តចាត់វិធានការឆ្លើយតបឱ្យសមាមាត្រត្រឡប់ទៅវិញ។

ប្រតិកម្មរបស់លោក ពូទីន កើតមានឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់ពីក្រសួងការពារជាតិអង់គ្លេស លោកស្រី អានណាបែល ហ្គូលឌី (Annabel Goldie) បាននិយាយថាគ្រាប់រំសេវមួយចំនួនសម្រាប់ រថក្រោះ Challenger 2 ដែលចក្រភពអង់គ្លេសកំពុងរៀបចំបញ្ជូនឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំង គ្រាប់ដែលមានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចបាញ់ទម្លោះរថក្រោះ និងរថពាសដែក។

ជាប្រតិកម្មឆ្លើយតប នៅក្នុងសុន្ទរកថាមួយក្រោយកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតីចិន ស៉ី ជិនពីង នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើវាពិតជា កើត ឡើងពិតមែន នោះរុស្ស៉ីនឹងចាត់វិធានការឆ្លើយតបបែបហ្នឹងដែរ ដោយសារតែលោកខាងលិចបានចាប់ ផ្ដើមរួចទៅហើយនូវការប្រើប្រាស់អាវុធមានសមាសធាតុនុយក្លេអ៊ែរ»។ បន្ថែមពីលើនេះ រដ្ឋមន្ត្រី ការពារជាតិរុស្ស៉ី ក៏បានព្រមានដែរថាការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស អាចនឹងបង្កឱ្យមានការ ប៉ះទង្គិចគ្នាដោយនុយក្លេអ៊ែររវាងរុស្ស៉ី និងលោកខាងលិច។

គួរបញ្ជាក់ថា «កាកសារធាតុអ៊ុយរ៉ាញ៉ូម» ត្រូវបានគេប្រើនៅក្នុងអាវុធ ពីព្រោះវាមានឥទ្ធិពលខ្លាំង ដែលអាចបាញ់ទម្លុះរថក្រោះ និងរថពាសដែកបានយ៉ាងងាយ៕