រុស្ស៉ី ចល័តយន្ដហោះចម្បាំង Su-35 ជាបន្ទាន់ទៅតំបន់សមុទ្របាល់ទិក ក្រោយចាប់បានសញ្ញា យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក ២គ្រឿង

 (មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ អោយដឹងថាក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាខ្លួនបានចល័តយន្ដហោះចម្បាំង  Su-35 មួយគ្រឿងជាបន្ទាន់ទៅកាន់តំបន់សមុទ្របាល់ទិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ ពីយន្ដហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ២គ្រឿង របស់សហរដ្ឋអាមេរិក បានហោះក្នុងទិសដៅ ឆ្ពោះទៅកាន់ព្រំដែនរុស្ស៉ី។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះ ថា «កាលពីថ្ងៃទី២០ ខែមីនា រ៉ាដានៃប្រព័ន្ធការពារដែនអាកាសរុស្ស៉ី ប្រចាំយោធាភូមិភាគខាង លិចដែល ទទួលខុសត្រូវលើតំបន់សមុទ្របាល់ទិក ចាប់បានសញ្ញាគោលដៅហោះហើរចំនួន២ ក្នុងដែនអាកាសដោយមានទិសដៅតម្រង់ទៅកាន់ព្រំដែនរុស្ស៉ី»។ ក្រសួងការពារជាតិរុស្ស៉ីបានបន្ថែមថាគោលដៅទាំង២ នោះ គឺជាយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធ សាស្ត្ររបស់សហរដ្ឋអាមេរិក B52 រីឯយន្ដហោះចម្បាំង Su-35 បានហោះត្រឡប់ទៅកាន់មូលដ្ឋាន ទ័ពអាកាសរបស់ខ្លួនវិញ ក្រោយយន្ដហោះទម្លាក់គ្រាប់បែក អាមេរិកហោះចេញឆ្ងាយទៅវិញ៕