(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានសម្ដែងការស្វាគមន៍ចំពោះការអញ្ជើញយ៉ាងកក់ក្ដៅពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ឃីង សាល់ម៉ាន (King Salman) ដើម្បីបំពេញទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ បន្ទាប់ពីប្រទេសទាំង២ បានចុះកិច្ចព្រមព្រៀងផ្សះផ្សាជម្លោះកាលពីពេលថ្មីៗនេះ។ នេះបើតាមមន្ត្រីអ៉ីរ៉ង់ម្នាក់ ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣។
លោក មហាំម៉ាត់ ចាំស៉ីឌី (Mohammad Jamshidi) ដែលជានាយខុទ្ទការល័យរងប្រធានាធិបតីអ៉ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកប្រធានាធិបតី រ៉ៃស៉ី… ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានស្វាគមន៍កិច្ចព្រមព្រៀងរវាងប្រទេសជាបងប្អូនទាំង២ ហើយបានអញ្ជើញលោក (លោក រ៉ៃស៉ី) បំពេញទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ»។ លោក ចាំស៉ីឌី បានបន្ថែមថា លោក រ៉ៃស៉ី ក៏បានសម្ដែងការស្វាគមន៍ចំពោះការអញ្ជីញដែលធ្វើឡើងនៅក្នុងលិខិតមួយច្បាប់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅផងដែរ៕