(ភ្នំពេញ)៖ នាឱកាសចូលជួបសម្តែងការគួរសមជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចាស្ទីន ខេវីន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីថា អូស្ត្រាលីប្តេជ្ញាពង្រឹងទំនាក់ទំនង ទ្វេភាគីជាមួយកម្ពុជា។ ថ្លែងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីបញ្ជាក់ថា «អូស្ត្រាលី បន្តកិច្ចសន្ទនាដោយការគោរព ឈរលើមូលដ្ឋាន ស្មើភាព និងអធិបតេយ្យភាព សម្រាប់ទំនាក់ទំនងប្រទេសទាំងពីរ»។
ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើ គ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកដោយការថ្លែងអំណរគុណចំពោះជំនួយរបស់ ប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់ដល់កម្ពុជា គាំទ្រវិស័យនានា ដែលក្នុងនោះរួម មានវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការដោះមីន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងសុខាភិបាល រួមទាំងវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ លោកឯកអគ្គរដ្ឋទូត ប្តេជ្ញាពង្រឹងទំនាក់ទំនង ទ្វេភាគីជាមួយកម្ពុជា និងស្វែងរកកាលានុវត្តនានា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងក្របខ័ណ្ឌអាស៊ាន-អូស្ត្រាលី។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីអភិក្រមនានាក្នុងការពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម សមភាពយេនឌ័រ ព្រមទាំងសន្តិសុខនិងការពារជាតិ។ ខណៈពេលដែលរដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំ «យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០» លោកឯកអគ្គរដ្ឋទូតថ្មី មានបំណងលើកទឹកចិត្តឱ្យមានការវិនិយោគប្រកបដោយគុណភាព មកកាន់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើអូស្ត្រាលី បន្តជួយគាំទ្រការបោសសម្អាតគ្រាប់ មីន ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥។ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ទន្ទឹងរង់ចាំ «កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រី» លើកទី ៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា នៅឆ្នាំ២០២៣ នេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់មួយចំនួនផងដែរ។ លោកឯកអគ្គរដ្ឋទូត បានកោត សរសើរកម្ពុជា ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន កាលពីឆ្នាំមុន បានយ៉ាងល្អប្រសើរ និង បានរំលឹកដោយសេចក្តីអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំឱ្យមានការដោះ លែងសាស្ត្រាចារ្យអូស្ត្រាលី លោក Sean Turnell ពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ា កាលពីឆ្នាំមុន៕