(យូអិន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ប្រាប់ថា ប្រភពពីក្រុមអ្នកការទូតបានឱ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ ចិនបានរារាំង សហរដ្ឋអាមេរិក មិនឱ្យផ្សាយលើប្រព័ន្ធអ៉ីនធើណិត នូវកិច្ចប្រជុំក្រៅផ្លូវការមួយនៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។
កិច្ចប្រជុំខាងលើនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែសមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិ សុខ UN ត្រូវតែព្រមព្រៀងគ្នាជាឯកច្ឆន្ទ ដើម្បីអនុញ្ញាតឱ្យវាអាចត្រូវផ្សាយនៅលើអ៉ីនធើណិតបាន។ ចិនបានជូនដំណឹងប្រាប់ភាគីដទៃទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខ តាមសារអ៉ីម៉ែលយ៉ាងដូច្នេះ ថា «កិច្ចពិភាក្សានេះ នឹងមិនអាចនាំមកនូវអត្ថប្រយោជន៍អ្វីឡើយ ហើយពួកយើងបានប្រឆាំងនឹង ការបើកកិច្ចប្រជុំនេះ តាំងពីដំបូងម្ល៉េះ។ ហេតុដូច្នេះ យើងត្រូវតែជំទាស់ចំពោះការផ្សាយកិច្ចប្រជុំនេះ នៅលើ UN WebTV»។
ក្រុមប្រឹក្សាសន្តិសុខ UN តែងតែបើកកិច្ចពិភាក្សាជាប្រចាំជុំវិញបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១៤មក ទាំងតាមរយៈកិច្ចប្រជុំផ្លូវការជាសាធារណៈ ក៏ដូចជាកិច្ចប្រជុំបិទទ្វារ។ យ៉ាងណាក្តី ទាំងចិននិងរុស្ស៉ីធ្លាប់បាននិយាយជាយូរមកហើយថា ក្រុមប្រឹក្សាសន្តិសុខ UN មិនគួរ ជជែកអំពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើងឡើយ។ ទីក្រុងព្យុងយ៉ាងផ្ទាល់ បានបដិសេធការចោទ ប្រកាន់បញ្ហារំលោភសិទ្ធិមនុស្ស ហើយបានបន្ទោសលើទណ្ឌកម្ម សម្រាប់ស្ថានការណ៍មនុស្សធម៌ ដ៏យ៉ាប់យ៉ឺននៅក្នុងប្រទេសរបស់ខ្លួន។ កូរ៉េខាងជើងបានស្ថិតក្រោមទណ្ឌកម្មរបស់ UN ដោយសារ កម្មវិធីមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែរ៕