(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានណែនាំឲ្យអ្នកលក់ដូរទាំងឡាយ ដែលមានលទ្ធភាព គួរតែចាប់ផ្ដើមដាក់តម្លៃលើទំនិញរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទិញ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស។
បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យយកចិត្ដទុកដាក់ លើសុវត្ថិភាពចំណី អាហារ គ្រប់កន្លែងលក់ដូរទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈាន ចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ។
ការណែនាំបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញ ជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ជិតដល់ពេលវេលា នៃការចូលឆ្នាំ ខ្ញុំអំពាវនាវ ឲ្យមានការយកចិត្ដទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ តាមហាងតូច-ហាងធំ ប៉ុន្ដែសំខាន់ជាងគេ គឺអ្នកលក់តាមដងផ្លូវ និងតាមកន្លែងតូចតាច។ អ្នកលក់ដូរទាំងឡាយ ដែលមានលទ្ធភាព ហើយសូម ឲ្យក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នា ដើម្បីដាក់ជាតម្លៃកុំឲ្យពិបាកសួរ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍ថា បើសិនជាជនបរទេស ចង់ទិញចំណីអាហារ អ្វីមួយ ហើយទំនិញនោះតម្លៃប៉ុន្មាន គឺគាត់អត់ដឹងនោះទេ ដូច្នេះសូមឲ្យអ្នកលក់ដូរទាំងឡាយ សរសេរតម្លៃដាក់លើទំនិញរបស់ខ្លួន។ សម្ដេចតេជោ បានថ្លែងថា ទំនិញមួយចំនួនបានដាក់ហើយ ប៉ុន្ដែនូវទំនិញមួយចំនួន មិនទាន់បានដាក់។
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់អ្នកលក់ដូរ ក៏ដូចជាក្រសួងទេសចរណ៍ និងក្រសួងពាណិជ្ជ កម្ម គួរតែចាប់ផ្ដើមរៀបចំដាក់តម្លៃ ហើយការដាក់តម្លៃនេះ មិនមែនដាក់សម្រាប់តែចូលឆ្នាំនោះទេ គឺដាក់គ្រប់ពេល ដើម្បីផ្ដល់ភាពងាយស្រួល ទាំងជនជាតិខ្មែរ និងជនជាតិបរទេស។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំ២០២៣នេះ សម្ដេចសង្ឃឹម ថា ភ្ញៀវទេសចរបរទេស ដែលមកលេងកំសាន្ដ នៅក្នុងប្រទេសកម្ពុជា មិនតិចជាង៤.៥លាន នាក់នោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្ដឲ្យដាក់តម្លៃលើទំនិញ ដោយសរសេរភាសាខ្មែរ នៅ ខាងលើ និងសរសេរភាសាអង់គ្លេស ពីខាងក្រោម។ សម្ដេចតេជោបន្ដថា ការដាក់តម្លៃនេះ គឺជាការ ប្រកួតប្រជែងមួយ ហើយមានភាពងាយស្រួល។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕