(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានទម្លាយលិខិតរបស់រដ្ឋមន្ត្រី មួយចំនួន ដែលមានកំហុសឆ្គង ឬខុសអក្ខរាវិរុទ្ធ តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ប្រសិន បើលិខិតពួកគេដែលដាក់ជូននាយករដ្ឋមន្ត្រី នៅតែបន្តមានកំហុសដដែលៗ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញចែក សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «អស់លោកទាំងឡាយអើយ ! កុំធ្វើបាបនាយករដ្ឋ មន្ត្រីពេក ហើយថ្ងៃក្រោយបើមកអាធុនហ្នឹង បង្ហោះតាមហ្វេសប៊ុក និងតេលេក្រាមតែម្តង សំណាង ហើយដែលខ្ញុំមិនបង្ហោះ ប៉ុន្តែមកលេងផ្សាយតាមទូរទស្សន៍ដើម្បីឱ្យពិភពលោកដឹងថា នាយករដ្ឋ មន្ត្រីរអ៊ូ ដោយសាររដ្ឋមន្ត្រីខ្ជិល»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងទៅមានរដ្ឋមន្ត្រីមួយចំនួន បានដាក់លិខិតមកសម្តេច ដោយមិនបានចុះកាលបរិច្ឆេទនោះទេ ហើយសម្តេចក៏បានចារប៊ិកក្រហមទៅវិញ ដោយបញ្ជាក់ថា «អត់បានដាក់ថ្ងៃខែ» ប៉ុន្តែរឿងដដែលនេះ បានដាក់មកសម្តេចបន្តទៀត។សម្តេចក៏បានលើកឡើង អំពីករណីមួយទៀត ដែលជាកំហុសទីស្តីការគណៈរដ្ឋមន្ត្រី ដោយសម្តេចបានឃើញលិខិតរបស់ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលដាក់ថា «សូមជ្រាបជារបាយការណ៍ និងស្នើសុំមតិដឹកនាំ» អំពីរបាយការណ៍របស់ ក្រសួងរ៉ែ និងថាមពល ដែលរាយការណ៍ជូន នាយករដ្ឋមន្ត្រីអំពីក្រុមហ៊ុន មួយ ដែលស្នើសុំវិនិយោគលើថ្មម៉ាប នៅខេត្តកំពង់ស្ពឺ ហើយក្រុមហ៊ុននេះបានពន្យារពេលម្តងហើយ ម្តងទៀត និងបោះបង់ចោលគម្រោងនេះ ពេលក្រសួងបានហៅមកពិភាក្សាគ្នា។ ករណីនេះ ក្រសួង រ៉ែ និងថាមពល ដាក់លិខិតជូននាយករដ្ឋមន្ត្រីត្រឹម «សូមជូនជ្រាប» ប៉ុណ្ណោះ ប៉ុន្តែលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីបែរជា «សូមជ្រាបជារបាយការណ៍ និងស្នើសុំមតិដឹកនាំ»។ ក្រៅពីនោះ សម្តេចក៏ បានសង្កេតឃើញកំហុសក្រសួង២ផ្សេងទៀតដែរ ដែលជាញឹកញយមិនបានដាក់កាលបរិច្ឆេទ ត្រឹមត្រូវ ក្នុងនោះក៏មានក្រសួងព័ត៌មាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។ បន្ថែមពីនេះ សម្តេចបានរិះគន់ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច ដែលរាយការណ៍មិនបាន ច្បាស់លាស់ច្របូកច្របល់ ហើយបែរជាស្នើសុំមតិដឹកនាំ ដែលជារឿងលំបាកសម្រាប់សម្តេច ទៅវិញ។
សម្តេចបញ្ជាក់បន្ថែមថា៖ «អញ្ចឹងខ្ជិលតាំងពីអ្នកក្រោមរហូតដល់អ្នកលើ ហើយមកធ្វើបាបនាយក រដ្ឋមន្ត្រីម្នាក់ ខ្ញុំថាធ្វើបាបតែម្តង ដោយសាររដ្ឋមន្ត្រីខ្ជិល នៅសល់តែប៉ុន្មានខែទៀតទេ កុំឱ្យរដ្ឋមន្ត្រីខ្ជិល ! ពិបាកណាស់ ធុញយកតែមែនទែន»។
សម្តេចបានអំពាវនាវឱ្យរដ្ឋមន្ត្រីទាំងនោះ បន្តរៀនសូត្រថែមទៀត នូវអ្វីដែលជាចំណុចខ្វះខាតរបស់ ខ្លួន។ ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ក៏បានកោតសរសើរដល់ក្រសួងចំនួន៤ផងដែរ ដែលតែង បានពិនិត្យពិច័យបានល្អលើលិខិតរបស់ខ្លួន ពេលដាក់មកកាន់នាយករដ្ឋមន្ត្រី ក្នុងនោះមាន ក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម៕