(ម៉ានីល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ បានអោយដឹងថា ហ្វីលីពីន និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានចាប់ផ្ដើម ធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់ហ្វីលីពីន ក្នុងការ ការពារ ទឹកដីរបស់ខ្លួនពីការគំរាមកំហែងពីកម្លាំងខាងក្រៅ។
សមយុទ្ធយោធារួមគ្នាខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានសម្រេចចិត្តកាលពីខែកុម្ភៈកន្លងទៅ ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលប្រើ ប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនបន្ថែមដែលជាការសម្រេចចិត្តមួយបង្កការខឹងសម្បារដល់ទីក្រុងប៉េកាំង។ យោធាហ្វីលីពីន និងអាមេរិកជាង ៣,០០០នាក់ បាននិងកំពុងចូលរួមក្នុង លំហាត់សឹកប្រចាំឆ្នាំ មានឈ្មោះថា សាឡាក់នីប (Salaknib) ដែលមានរយៈពេលដល់ទៅ៣សប្ដាហ៍ ជាមួយការហ្វឹក ហាត់បាញ់គ្រាប់ពិតលក្ខណៈទ្រង់ទ្រាយតូច ដូចជាកាំភ្លើងធំ ជាដើម។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីធីបើកការធ្វើសមយុទ្ធយោធា ប្រមុខកងទ័ពហ្វីលីពីន លោក ឧត្ដមសេនីយ៍ឯក រ៉ូមីអូ ប្រោននឺ (Romeo Brawner) បានគូសបញ្ជាក់ដូច្នេះថា «សេណារីយ៉ូនៃការ ធ្វើសមយុទ្ធយោធានេះ នឹងមានបញ្ចូលការពង្រឹងសមត្ថភាពហ្វីលីពីន ក្នុងការការពារដែនកោះរបស់ ខ្លួនពីកម្លាំងបរទេសឈ្លានពានណាមួយ…ហើយយើងនឹងផ្ដោត ជាសំខាន់លើប្រតិបត្តិការការពារជាតិ ដូចជាការការពារដែនអាកាស និងប្រតិបត្តិការការពារតំបន់ឆ្នេរ»។
គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងកាលពីខែកុម្ភៈកន្លងទៅ ហ្វីលីពីនបានយល់ព្រមឱ្យសហ រដ្ឋអាមេរិកចូលប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ៤បន្ថែម ដែលធ្វើឱ្យចំនួនមូលដ្ឋានទ័ព ដែល អាមេរិកអាចប្រើបានកើនដល់ ៩។ ប៉ុន្តែចិនបានរិះគន់ថានេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ដើម្បីឡោមព័ទ្ធ និងគ្រប់គ្រង ចិន តាមរយៈសម្ព័ន្ធភាពយោធារបស់ខ្លួន ជាមួយហ្វីលីពីន៕