(ភ្នំពេញ)៖ ទីប្រឹក្សាការវិនិយោគទីផ្សារដែលកំពុងរីកចម្រើន (Emerging Markets Investment Advisers (EMIA)) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីការវិនិយោគដំបូង របស់ខ្លួននៅកម្ពុជា ដោយការសហការជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) តាមរយៈមូល និធិថ្មីរបស់ខ្លួនគឺមូលនិធិទីផ្សារព្រំដែនអាស៊ាន (ASEAN Frontier Markets Fund (AFMF) ដើម្បីលើកកម្ពស់កម្ពុជា ក្នុងនាមជាអ្នកផលិត និងនាំចេញអង្ករគុណភាពខ្ពស់។
លោកឧកញ៉ា សុង សារ៉ន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានស្វាគមន៍ EMIA ក្នុងការចូលរួមកិច្ចការងារជាមួយគ្នា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យស្រូវអង្ករនៅកម្ពុជា។
លោកបន្តថា«វត្តមានដ៏រឹងមាំនិងយូរអង្វែងរបស់ EMIA នៅក្នុងតំបន់ និងប្រកបដោយបណ្តាញ ទំនាក់ទំនងយ៉ាងទូលំទូលាយ ស្តែងពីតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង ខណៈដែលក្រុម ហ៊ុនរបស់យើងបានឆ្លងកាត់នូវដំណាក់កាលបន្ទាប់ នៃដំណើរបំពេញបេសកកម្មរបស់យើង។ យើងពិតជាក្តីសោមនស្សចំពោះការប្តេជ្ញាចិត្តរបស់ EMIA លើដំណើរអភិវឌ្ឍន៍របស់អ្នកវិនិយោគ ទាំងផ្នែកពាណិជ្ជកម្ម និងការអនុវត្តអភិបាលកិច្ចនិងសង្គម (ESG)»។
លោកមានប្រសាសន៍ទៀតថា ការវិនិយោគរបស់មូលនិធិទីផ្សារព្រំដែនអាស៊ាន (AFMF) ត្រូវបាន គេរំពឹងថានឹងមានការកើនឡើងខ្ពស់ និងជាកាតាលីករសម្រាប់ អេមរុរ៉ាយស៍ ក្នុងការពន្លឿនកំណើន អាជីវកម្មរបស់ខ្លួន និងអនុវត្តរបៀបវារៈការអនុវត្តអភិបាលកិច្ចនិងសង្គម (ESG) និងអាកាសធាតុ ដើម្បីផលប្រយោជន៍សំខាន់ៗដល់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់”។
លោក ម៉ៅ សាវីន ប្រធាន EMIA Cambodia និងជាអ្នកដឹកនាំនូវកិច្ចព្រមព្រៀងសម្រាប់ អេមរុរ៉ាយស៍ មានប្រសាសន៍ថា «ជាមួយនឹងបេសកកម្មគាំទ្រដល់ក្រុមហ៊ុនដែលមានទស្សនវិជ្ជារួម ដូចគ្នាជាមួយ AFMF លើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ EMIA ជឿជាក់ថាភាពជាដៃគូនេះ នឹងគាំទ្រដល់ក្រុមហ៊ុន អេមរុរ៉ាយស៍ ក្នុងការរីកចម្រើន និងពង្រីកអាជីវកម្មបន្ថែមទៀត ដើម្បីបង្កើន ចំណែករបស់កម្ពុជានៅក្នុងទីផ្សារអង្ករពិភពលោក ជាពិសេសទីផ្សារអង្ករសរីរាង្គដែលមានតម្លៃខ្ពស់ ។ ខ្ញុំទន្ទឹងរង់ចាំការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ អេមរុរ៉ាយស៍ ដើម្បីបង្កើតផលវិជ្ជមានកាន់តែ ច្រើនលើវិស័យស្រូវអង្ករ អ្នកពាក់ព័ន្ធសំខាន់ៗ និងសហគមន៍ដែល អេមរុរ៉ាយស៍ សហការជា មួយ។»
លោក Joshua Morris នាយកប្រតិបត្តិនៃ EMIA បានលើកឡើងថា ជាមួយនឹងទម្រង់អាជីវកម្ម ដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ អេមរុរ៉ាយស៍ និងតួនាទីដ៏ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាវិធីសាស្រ្តដែលមិនធ្លាប់មានពីមុនមកក្នុងការពង្រឹងសមត្ថភាពសង្គម និងការការពារបរិស្ថាន ពិតជាបានស្តែងឱ្យឃើញពីលក្ខណៈរបស់ក្រុមហ៊ុន ដែលចង់គាំទ្រ។
លោកបន្ថែមថា៖«ភាពជាដៃគូនេះក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត តម្លាភាព និងនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ យើងទន្ទឹងរង់ចាំការពង្រីកបណ្តាញក្រុមហ៊ុនតម្លៃបន្ថែមរបស់យើង ដែលជំរុញដល់ការរីកចម្រើន ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គមរបស់ទីផ្សារក្នុងស្រុក»។
ចាប់ផ្តើមក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មអង្ករតូចមួយដែលបានបើកដំណើរការក្នុងឆ្នាំ ២០១១ រហូតដល់ការធ្វើសមាហរណកម្មជាអ្នកផលិត និងអ្នកនាំចេញអង្ករនាពេលបច្ចុប្បន្ន អេមរុរ៉ាយស៍ ផ្តោតចម្បងលើសុខុមាលភាពរបស់កសិករដែលជាស្នូលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ ជាមួយនឹងចក្ខុវិស័យក្នុងការការគាំទ្រដល់កសិករខ្នាតតូចឱ្យរួចផុតពីភាពក្រីក្រ អេមរុរ៉ាយស៍ ធ្វើការជាមួយកសិករក្នុងស្រុកជាង ២ម៉ឺននាក់ ក្នុងនោះស្ត្រីមានរហូតដល់ទៅជាង ៥០% តាមរយៈគំរូកសិកម្មតាមកិច្ចសន្យាដោយផ្តល់ជូននូវប្រព័ន្ធលើកទឹកចិត្តបប្រកបដោយដោយសមភាព និងកម្មវិធីអភិវឌ្ឍសមត្ថភាព ក្នុងចំណោមកម្មវិធីដទៃទៀតដើម្បីបង្កើតឱ្យមាននិរន្តរភាពនិងបរិយា បន្ននៃខ្សែសង្វាក់ផ្គត់ផ្គង់។
ជាមួយនឹងការបោះជំហានចូលទៅក្នុងភាពប្រកួតប្រជែងខ្ពស់ដើម្បីសហការជាមួយនឹងកសិករ និងចាប់យកនូវការអនុវត្តផលិតកម្មកសិកម្មដ៏ល្អបំផុត ផលិតផលរបស់ អេមរុរ៉ាយស៍ ពិតជាបាននិង កំពុងទទួលបានជំហររឹងមាំនៅក្នុងការប្រកួតប្រជែងជាសកល។ ផលិតផលអង្កររបស់ អេមរុរ៉ាយស៍ ទទួលបានបានគាំទ្រនិងស្វាគមន៍ក្នុងរូបភាពវិជ្ជមានពីសំណាក់អតិថិជននៅទូទាំងសហភាពអឺរ៉ុប អាមេរិកខាងជើង និងបណ្តាប្រទេសអាស៊ី ដែលឆ្លុះបញ្ចាំងពីតួនាទីកាន់តែលេចធ្លោរបស់ អេមរុរ៉ាយស៍ ក្នុងការពង្រឹងវត្តមានអង្ករកម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងនាមជាតួអង្គដ៏សំខាន់ និងមានឥទ្ធិពលក្នុងវិស័យស្រូវអង្កររបស់ប្រទេសកម្ពុជា អេមរុរ៉ាយស៍ ប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍមិនត្រឹមតែទៅលើភាពជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងទៅលើ និរន្តរភាព និងក្រមសីលធម៌នៃអាជីវកម្ម ដោយការអនុវត្តនូវស្តង់ដារបរិស្ថានខ្ពស់បំផុត ការអនុវត្តអភិបាលកិច្ចនិងសង្គម (ESG)៕