ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចុះកិច្ចព្រមព្រៀង បង្កើតមជ្ឍមណ្ឌលការងារហ្វ្រង់កូហ្វូន ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង

 (ភ្នំពេញ)៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លោកសាស្ដ្រចារ្យ Slim Khalbous សាកលវិទ្យាធិការ និងលោកស្រីសាស្ដ្រចារ្យ Madrie Nathalie Le Blanc សាកល វិទ្យាធិការរង នៃទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) បានបំពេញទស្សនកិច្ច នៅ រាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

បេសកម្មនៃដំណើរទស្សនកិច្ចនេះ នឹងត្រូវពង្រឹងទំនាក់ទំនង រវាងទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ ភាសាបារាំង និងសាកលវិទ្យាល័យទាំងឡាយ ជាសមាជិករបស់ខ្លួននៅកម្ពុជា និងជួបពិភាក្សា ស្ដីអំពីទស្សនវិស័យថ្មីៗ នៃកិច្ចសហការ។

ជាក់ស្ដែង នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង បានចុះកិច្ចព្រមព្រៀង បង្កើតមជ្ឍមណ្ឌលការងារហ្វ្រង់កូហ្វូន ជាមួយសាកលវិទ្យាល័យជាតិបាត់ ដំបង និងពិធីប្រគល់ជ័យលាភី នៃការប្រកួតថ្នាក់តំបន់ នៃការបង្កើតផ្ទាំងផ្សព្វផ្សាយ។

ពិធីនេះ​ បានរៀបចំធ្វើឡើង នៅមជ្ឍមណ្ឌលឌីជីថល-ការងារហ្វ្រង់កូហ្វូនភ្នំពេញ នៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយមានការចូលរួមពីលោកសាស្ដ្រចារ្យ Slim Khalbous, លោកស្រីសាស្ដ្រចារ្យ Madrie Nathalie Le Blanc និងលោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកសាស្ដ្រចារ្យ Slim Khalbous បានលើកឡើងថា ទីតាំងមជ្ឍមណ្ឌលការងារហ្វ្រង់កូហ្វូននេះ នឹងរចនារៀបចំ ទៅតាមស្ដង់ដារអន្ដរជាតិ ដោយផ្ដល់សេវាជាច្រើនជុំវិញប៉ូលធំៗ ចំនួន៤៖ ការ ប្រឹក្សា និងដឹកនាំស្ដីអំពីការងារ ការបណ្ដុះបណ្ដាលបន្ថែម ការផ្ដល់វិញ្ញាបនប័ត្រជំនាញ និងសហ គ្រិនភាព។

លោក សុខ ឃន បានគូសបញ្ជាក់ថា ការបង្កើតមជ្ឍមណ្ឌលការងារហ្វ្រង់កូហ្វូន ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ការប្រជុំ ការផ្លាស់ប្ដូរ ការស្វែងរកការងារ ការចែករំលែកបទពិសោធន៍ នៅក្នុងបរិវេណនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលនឹងជួយដល់ការបណ្ដុះបណ្ដាលជាភាសា បារាំង មានភាពរឹងមាំ។សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបន្ថែមទៀតថា មជ្ឍមណ្ឌលការងារ ហ្វ្រង់កូហ្វូន CFF នឹងបំពេញតម្រូវការរបស់សង្គមយ៉ាងពេញលេញ នៅក្នុងខេត្តបាត់ដំបង និងខេត្តភាគពាយ័ព្យ ហើយនឹងរួមចំណែក ក្នុងការបង្កើនប្រសិទ្ធភាពការងារ របស់និស្សិត។ សូមជម្រាបថា សាកលវិទ្យាល័យជាតិបាត់ដំបង ត្រូវបានបង្កើតនៅឆ្នាំ២០០៧ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីផ្ដល់ឱកាសឲ្យយុវជន ដែលរស់នៅភូមិភាគពាយ័ព្យ បានបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សា និង ដើម្បីរំកិលសេវាសិក្សាទៅជិតនឹងប្រជាជន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕