ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពីការចល័តធនធាន និងការពង្រឹងភាពជាដៃ គូសកល ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច


 (ដូហា, កាតា)៖ ក្នុងនាមជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទ អង្គការ​សហប្រជាជាតិ​លើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) និងកិច្ចប្រជុំកំពូលនៃ ក្រុម​ប្រទេស​អភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទ LDC5 ដោយបានអញ្ជើញធ្វើជា​សហ​ប្រធាន​នៃកិច្ចប្រជុំតុមូលជាន់ខ្ពស់ស្ដីពី ការលើកកម្ពស់ការចូលរួមរបស់ប្រទេសអភិវឌ្ឍន៍តិចតួច កាលពីរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយសហប្រធានពីររូប គឺឯកឧត្តម រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Fitsum Assefa រដ្ឋមន្ដ្រីក្រសួងផែនការនិង អភិវឌ្ឍន៍នៃប្រទេស Ethiopia ព្រមទាំងមានការចូលរួមជាវាគ្មិន ពីបណ្ដារដ្ឋសមាជិក និងស្ថាប័ន អន្ដរជាតិនានា។

ជាកិច្ចចាប់ផ្ដើមក្នុងនាមជាសហប្រធានអង្គប្រជុំ ឯកឧត្តម រដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានថ្លែងស្វា គមន៍វាគ្មិន និងរដ្ឋសមាជិក ដែលបានចូលរួមកិច្ចប្រជុំតុមូលជាន់ខ្ពស់នេះ ព្រមទាំងបានកត់សម្គាល់ អំពីការពឹងផ្អែកយ៉ាងខ្លាំងលើធនធានសាធារណៈ ដើម្បីធ្វើហិរញ្ញប្បទានក្នុងការឆ្លើយតបនឹងតម្រូវ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបនឹងវិបត្តិ ដែលប្រទេសអភិវឌ្ឍន៍តិចតួច និងពិភព លោកកំពុងជួបប្រទះ។

បន្ទាប់មក ឯកឧត្តម រដ្ឋមន្ដ្រី និងលោកស្រីសហប្រធាន បានប្រគល់វេទិកាជូនវាគ្មិន ដើម្បីលើក ជាមតិ​យោបល់ និងពិភាក្សាពាក់ព័ន្ធនឹងការចល័តធនធាន និងការពង្រឹងភាពជាដៃគូសកល​ដើម្បី ការ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពក្នុងប្រទេសអភិវឌ្ឍន៍តិចតួច។

វាគ្មិនបានពិភាក្សាយ៉ាងផុសផុល ដោយផ្ដោតលើបញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពក្នុងការទាញ​យកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ដំណោះស្រាយឆ្លើយតបនឹងបញ្ហានេះ គឺត្រូវពង្រឹងសមត្ថភាព​ប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ, ការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងស្រុក។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានភាពជោគជ័យ និងទទួលបាននូវធាតុចូលសំខាន់ៗ​សម្រាប់​ប្រទេស LDCs និងដៃគូអភិវឌ្ឍន៍ក្នុងការជួយគាំទ្រលើការចល័ត និងប្រើប្រាស់ធនធានឱ្យមាន​ប្រសិទ្ធភាព សម្រាប់បម្រើដល់ការអភិវឌ្ឍប្រកបដោយនិរន្ដរភាព។

លោកស្រីសហប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយ​ផ្លែផ្កា​របស់​វាគ្មិន និងរដ្ឋសមាជិកផងដែរ៕