(ស្តុកខុល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រធានក្រុមចរចារបស់ប្រទេសស៊ុយអែតក្នុងដំណើរការចូលជាសមាជិក អង្គការណាតូ (NATO) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រទេសតួកគី បានទទួលស្គាល់ ថាស៊ុយអែត និងហ្វាំងឡង់ បានចាត់វិធានការជាក់ស្តែងដើម្បីបំពេញក្តីកង្វល់របស់ទីក្រុងអង់ការ៉ា ហើយភាគីទាំងបីនឹងបន្តបើកកិច្ចប្រជុំបន្ថែមទៀត។
លោក អូស្កា ស្តេនស្រ្តម (Oscar Stenstrom) ដែលជាប្រធានក្រុមចរចារបស់ស៊ុយអែត បានគូស បញ្ជាក់ថា «យើងឃើញថា ភាគីតួកគីទទួលស្គាល់ថាទាំងស៊ុយអែត និងហ្វាំងឡង់ បានចាត់វិធាន ការដែលមាននៅក្នុងកិច្ចព្រមព្រៀងរបស់ពួកយើង។ វាជាសញ្ញាល្អ។ យើងបានព្រមព្រៀងថានឹងបន្តជួបគ្នា តែខ្ញុំមិនអាចនិយាយបានច្បាស់ថានឹងត្រូវធ្វើពេលណាទេ»។
យ៉ាងនេះក្តី អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) បាន និយាយថា ជំហានដែលសម្រេចបានដោយស៊ុយអែត និងហ្វាំងឡង់ ដើម្បីដោះស្រាយកង្វល់ សន្តិសុខរបស់ទីក្រុងអង់ការ៉ា គឺមានភាពវិជ្ជមាន ប៉ុន្តែនៅមិនគ្រប់គ្រាន់សម្រាប់ការផ្តល់សច្ចាប័នឲ្យ ពួកគេចូលជាសមាជិកក្នុងអង្គការណាតូនៅឡើយទេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ស៊ុយអែត និងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិក អង្គការណាតូប៉ុន្តែត្រូវបានតួកគីជំទាស់ក្រោមហេតុផលថាប្រទេសទាំងពីរកំពុងគាំទ្រដល់សមាជិកគណបក្សពលករឃឺដ (PKK) ដែលទីក្រុងអង់ការ៉ាចាត់ទុកជាក្រុមភេរវករ៕