(ទីម័រឡេស្តេ)៖ ក្នុងឱកាសបំពេញទស្សនិច្ច នៅប្រទេសទីម័រឡេស្តេ, នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចូលជួបសម្តែងការគួរសមជាមួយលោក Xanana Gusmao អតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីប្រទេសទីម័រ។
លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងប្រាប់ ឲ្យដឹងថា ក្នុងជំនួបនោះ លោក Xanana Gusmao អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសទីម័រ បានរំលឹកពីប្រវត្តិជាច្រើន ដែលលោកបានជួបទំនាក់ទំនងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកន្លងមក។
លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រដល់ប្រទេសទីម័រ ក្នុងការគិតគូរពិចារណា ក្នុងការអភិវឌ្ឍប្រទេសជាដើម ជាពិសេសបានគាំទ្រដល់ប្រទេសទីម័រ ឱ្យបានចូលជាសមាជិកអាសាន។
លោកក៏ថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជំនួយដូចជាម៉ាស និងសម្ភារៈបរិក្ខារពេទ្យ ក្នុងគ្រាដែលប្រទេសទីម័រ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ ដែលកម្ពុជា ជាប្រធានអាស៊ានប្ដូរវេន ព្រមទាំងអគ្គលេខាធិការអាស៊ាន និងសមាជិកអាស៊ានចំនួន៩ទៀត បានសម្រេចឱ្យប្រទេសទីម័រឡេស្ដេ ក្លាយជាអ្នកសង្កេតការណ៍សិន មុនក្លាយជាសមាជិកអាស៊ានទី១១ ពេញសិទ្ធិក្នុងពេលខាងមុខ។
ទីម័រឡេស្តេ បានស្នើសុំចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១មកម្ល៉េះ ពោលគឺមានរយៈពេល១១ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០២២ទេ ដែលប្រទេសទីម័រខាងកើត ហាក់ជិតសម្រេចគោលបំណងរបស់ខ្លួន ក្រោមអាណត្តិដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។
សូមបញ្ជាក់ដែរថា ប្រទេសទីម័រខាងកើត គឺជាប្រទេសស្ថិតនៅលើកោះធំមួយ ដែលគេធ្លាប់ហៅឈ្មោះថា «កោះទីម័រ»។ ប្រទេសថ្មីនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២ ក្រោយពេលទទួលបានឯករាជ្យ ពីប្រទេសឥណ្ឌូណេស៉ី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ (Democratic Republic of Timor-Leste) ពេលនោះហើយដែលដែនដីមួយផ្នែកទៀតនៃកោះទីម័រ ត្រូវបានប្ដូរទៅជាទីម័រខាងលិច ដែលបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូណេស៉ីដដែល។ ប្រទេសទីម័រឡេស្ដេ មានផ្ទៃដីសរុប ១៤,៨៧៤គីឡូម៉ែត្រក្រឡា ដែលមានរដ្ឋធានីឈ្មោះ ឌីលី (Dili) និងមានប្រជាជនប្រមាណ ១,៣៤០,៥០០នាក់ គិតត្រឹមនៅឆ្នាំ២០២១៕