(សេអ៊ូល)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣ គឺ ដោយទទួលបានព័ត៌មានពីមន្ត្រីចារកម្ម (NIS) សមាជិកសភាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ សប្តាហ៍នេះបាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) សាជាថ្មី នៅក្នុងខែមីនា ឬខែមេសា។
របាយការណ៍របស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ក៏បានលើកឡើងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានកូនប្រុសច្បង ហើយក៏មានកូនទី៣ ផងដែរ តែមិនដឹងថាជាកូនប្រុស ឬក៏ កូនស្រីនោះទេ។ យ៉ាងនេះក្តី លោក គីម មិនដែលបង្ហាញមុខកូនប្រុសច្បងរបស់លោកទេ ខណៈ ដែលប៉ុន្មានខែថ្មីៗ លោក គីម បាននាំកូនស្រីឈ្មោះ គីម ជូអេ (Kim Ju Ae) ចូលរួមកម្មវិធី សាធារណៈនានា ដែលជំរុញឲ្យមានការរំពឹងទុកថាក្មេងស្រីរូបនេះ ត្រូវបានគេរៀបចំឲ្យធ្វើជាមេដឹក នាំបន្ទាប់។ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងជឿថា ការពន្យល់ដែលទំនងបំផុត នៅពីក្រោយ ការ បង្ហាញមុខកូនស្រី ពីសំណាក់ លោក គីម គឺចង់បញ្ជាក់ពីភាពស្របច្បាប់នៃការបន្តវេនអ្នកដឹកនាំ ជំនាន់ទី៤ នៃរបបទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ជុំវិញស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើង NIS បានសន្មត់ថាបញ្ហាគឺកើតចេញ ពីគោលនយោបាយគ្រាប់ធញ្ញជាតិ ការខ្វះខាតការចែកចាយ និងស្ថានភាពកូវីដ១៩ របស់ប្រទេស ប៉ុន្តែ វាមិនធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីចាត់ទុកថាជាការគំរាមកំហែងដល់របបដឹកនាំលោក គីម នោះទេ ទោះជាកំពុងប្រឈមមុខនឹងការខ្វះខាតស្រូវប្រចាំឆ្នាំចំនួន ៨០០,០០០តោនក៏ដោយ៕