(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដែលមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ចូលរួមប្រមាណជាង ៣០០នាក់ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា «ដើម្បីសិទ្ធិស្មើភាពសេដ្ឋកិច្ច-នយោបាយក្នុងសង្គម ត្រូវផ្តល់ឱកាសអប់រំរៀនសូត្រពេញលេញដល់ស្ត្រីតាំងពីកុមារភាព»។
លោករដ្ឋមន្រ្តីបានរំលឹកថា ឆ្នាំនេះយើងអាចជួបជុំគ្នាដោយផ្ទាល់ដើម្បីរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឡើងវិញបាន អាស្រ័យដោយមគ្គុទេ្ទសភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ច និងសង្គមជាតិត្រឡប់មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញដូចសព្វថ្ងៃ។
លោកបន្តថា ការរៀបចំទិវាអន្តរជាតិនារីនេះ គឺធ្វើឡើងដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល ការប្តេជ្ញាចិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជាវិជ្ជមាននានា ក្នុងការសម្រេចឱ្យបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។
លោករដ្ឋមន្រ្តី ព្រុំ សុខា បានបង្ហាញជំនឿយ៉ាងមុតមាំថាក្នុងយុគសម័យឌីជីថល ស្ត្រីនឹងមានកាលានុវត្តភាព ក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញរឹងនិងទន់ ប្រកបដោយគុណភាព និងគុណវុឌ្ឍិ ដើម្បីលើកកម្ពស់តួនាទី និងសិទ្ធិស្មើភាពរបស់ស្រ្តីខាងសេដ្ឋកិច្ច និងខាងនយោបាយនៅក្នុងសង្គមជាតិ។
លោករដ្ឋមន្រ្តីក៏បានថ្លែងជំរុញលើកទឹកចិត្តឱ្យស្រ្តីទាំងអស់ត្រូវប្រឹងប្រែងលើកកម្ពស់គុណាធិបតេយ្យ ដើម្បីពង្រឹងសមត្ថភាព និងគុណវុឌ្ឍិរបស់ខ្លួន ព្រោះថាក្រៅពីឱកាសដែលសង្គម សហគមន៍ គ្រួសារ បុរសផ្តល់ឱ្យ គឺស្រ្តីខ្លួនឯងត្រូវពុះពារបង្កឱកាសដោយខ្លួនឯង ដើម្បីសមភាព សមធម៌ នៃសិទ្ធិសេរីភាពរបស់ស្ត្រី។
ចុងបញ្ចប់ លោករដ្ឋមន្រ្តី ព្រុំ សុខា សំណូមពរឱ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាបន្តជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័ររបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ រួមចំណែកដល់ការធានាបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិសម្រាប់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់តរៀងទៅ៕