លោក ហ្សេលេនស្គី កោតសរសើរយ៉ាងខ្លាំងដល់ទាហានអ៊ុយក្រែន ដែលកំពុងការពារទីក្រុង Bakhmut

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងដល់ទាហានរបស់លោកដែលកំពុងតស៊ូប្រយុទ្ធ នៅក្នុងសមរភូមិ «ដ៏ឈឺចាប់ និងដ៏លំបាក» នៅក្នុងតំបន់ដុនបាស់ ស្ថិតនៅភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃមួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមកោតសរសើរជាពិសេសដល់ទាហានដែលកំពុង តស៊ូប្រយុទ្ធនៅក្នុងតំបន់ដុនបាស់ ប្រកបដោយភាពក្លាហាន រឹងមាំ និងតស៊ូបំផុត។ នេះគឺជាសមរភូមិមួយដ៏ឈឺចាប់ និងដ៏លំបាក»។ ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីថ្នាក់ដឹកនាំយោធាអ៊ុយក្រែន បានរាយការណ៍ថាទាហានអ៊ុយក្រែន បានវាយទប់ទល់នឹងការវាយប្រហារជាង ១៣០លើកពីសំណាក់កងទ័ពរុស្ស៉ី កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ ស្របពេលទាហានរុស្ស៉ីកំពុងព្យាយាមឡោមព័ទ្ធទីក្រុងបាកមូត ដែលទីក្រុងមូស្គូបានចំណាយពេលជាច្រើនខែមកហើយ ដើម្បីដណ្ដើមកាន់កាប់ទីក្រុងមួយនេះ។
គួរបញ្ជាក់ថា ទាហានអ៊ុយក្រែន មកទល់នឹងពេលនេះនៅតែបន្តតស៊ូប្រយុទ្ធការពារទីក្រុង បាកមូត។ ប៉ុន្តែ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ វិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មាន មូលដ្ឋានក្នុងសហរដ្ឋអាមេរិក បាននិយាយថាផ្លូវផ្គត់ផ្គង់របស់អ៊ុយក្រែនទៅកាន់ទីក្រុងបាកមូត កាន់តែរួមតូចទៅៗ ខណៈមានសេចក្ដីរាយការណ៍ថាទាហានអ៊ុយក្រែនអាចនឹងដកថយ ជាយុទ្ធសាស្ត្រចេញពីទីក្រុងមួយនេះដែលបានក្លាយជាទីក្រុងខ្មោចបាត់ទៅហើយ៕