(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាករិនី ឬអ្នកហាត់លេងកីឡាទាំងអស់ ដែលធ្វើកសកម្មភាពអប់រំកាយ និងកីឡាគ្រប់ប្រភេទ ដែលមានបញ្ហាសុខភាព ក៏ដូចជាគ្រោះថ្នាក់ និងរងរបួសផ្សេងៗ សូមអញ្ជើញទៅពិនិត្យ និងព្យា បាលជំងឺ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយឥតគិតថ្លៃ។ នេះបើតាមសេចក្តីជូនដំណឹង ដែលទទួលបាននៅថ្ងៃទី៣ ខែមីនានេះ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាព មានទីតាំងស្ថិតនៅភូមិបឹងតាមោក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចឲ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនី ដែលរងរបួស និងមានបញ្ហាសុខភាព ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ភ្លាមៗក្រោយទទួលបានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋមន្ដ្រីក្រសួង សុខាភិបាល ចុះចាត់ចែងរៀបចំក្រុមគ្រូរពេទ្យ ដើម្បីត្រៀមជាស្រេចក្នុងពិនិត្យ និងព្យាបាលដល់ បងប្អូនកីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោ សន្តិភាព៕