សិង្ហបុរី ចង់ឱ្យកម្ពុជាបញ្ជូនកម្លាំងពលកម្មបន្ថែមទៅធ្វើការប្រទេសខ្លួន


 (ភ្នំពេញ)៖ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១នៅប្រទេសសិង្ហបុរី KEN-PAL (S) PTE LTD បាន ស្នើសុំកិច្ចសហការពីកម្ពុជាក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារ​នៅទីនោះ។ តាមរយៈជំនួបនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL (S) PTE LTD បានស្នើទៅកាន់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្នុងការបញ្ជូនពលករផ្នែក សំណង់ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។

ឯកឧត្តម អ៊ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលជាឱកាសមួយ បន្ថែមទៀតសម្រាប់ពលករកម្ពុជាក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយក ចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា នៅកម្ពុជា វិស័យសំណង់នេះរីកដុះដាលខ្លាំង ពិសេសការសាងសង់ អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ លោកបញ្ជាក់ទៀតថា ក្រសួងការងារផ្ទាល់ក៏មានការបណ្តុះ បណ្តាលជំនាញផ្នែក​សំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀប ចំជានីតិវិធីលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។

នាឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Greory Lin បានលើកឡើងថា ក្រុមហ៊ុនសំណង់របស់ សិង្ហបុរីមួយនេះបង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាម តម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។

លោក Lin បន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យ ផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទស កម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។

គួរជម្រាបថា នាពេលកន្លងមក កម្ពុជាបានបញ្ជូនពលករទៅធ្វើការជាស្រ្តីជំនួយការផ្ទះនៅសិង្ហបុរី ប្រមាណជាង១ពាន់នាក់រួចមកហើយ ខណៈឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង សង្កេតឃើញថា ការ ជ្រើស រើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរីមានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់ សមរម្យ៕