(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាទាហានអ៊ុយក្រែន អាចនឹងដកថយចេញពីទីក្រុងបាកមូត (Bakhmut) ដែលការអត្ថាធិប្បាយ បែបនេះ ហាក់ដូចជាការសន្មត់ទុកជាមុនថារុស្ស៉ី អាចនឹងវាយដណ្ដើមបានទីក្រុងមួយនេះ។
ទាហានរុស្ស៉ី និងអ៊ុយក្រែន បានវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅក្នុងទីក្រុងបាកមូត ស្ថិតនៅភាគ ខាងកើតនៃប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនខែមកហើយ ដោយបានប្រែក្លាយ ទីក្រុងមួយ នេះទៅជាទីក្រុងខ្មោច ខណៈជោគជ័យរបស់រុស្ស៉ីអាចនឹងក្លាយជានិមិត្តរូបនៃជ័យជម្នះមួយដ៏សំខាន់ នៅក្នុងសង្រ្គាមដែលបានឈានចូលឆ្នាំទី២ និងបន្ទាប់ពីបរាជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។ ថ្លែងប្រាប់ទូរទស្សន៍ CNN លោក អាឡិចសាន់ឌឺ រ៉ូដនីយ៉ាន់ស្គី (Alexander Rodnyansky) ជាទី ប្រឹក្សាម្នាក់របស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យោធារបស់ យើងកំពុងពិចារណាលើជម្រើសជាច្រើនដែលមាននៅលើតុ។ ក្នុងពេលបច្ចុប្បន្ន ពួកគេនៅតែបន្ត គ្រប់គ្រងទីក្រុង (បាកមូត) ប៉ុន្តែប្រសិនបើ ចាំបាច់ នោះពួកគេអាចនឹងដកថយជាយុទ្ធសាស្ត្រ ហើយ យើងនឹងមិនពលីអាយុជីវិតប្រជាជនរបស់យើង ដោយគ្មានតម្លៃនោះឡើយ»។
គួរបញ្ជាក់ថា បាកមូត គឺជាទីក្រុងតូចមួយស្ថិតនៅក្នុងតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយ ក្រែន ហើយដែលទឹកដីក្នុងតំបន់នេះមានជាងពាក់កណ្ដាលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង ដោយ ទាហានរុស្ស៉ី។ បើតាមអ្នកជំនាញយោធា ដើម្បីអាចវាយលុកលើទឹកដីដែលនៅសល់ជាងពាក់កណ្ដាលទៀតនៃតំបន់ដូណេត គ្រប់គ្រងអ៊ុយក្រែន រុស្ស៉ីចាំបាច់ត្រូវតែវាយកាន់កាប់ទីក្រុង បាកមូត ឱ្យបាន ជាការបើកផ្លូវក្នុងការវាយលុក៕