(ភ្នំពេញ)៖ លតាប័ត្ររថយន្តគំរូថ្មី របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពាក់ដោយ បច្ចេកវិទ្យា RFID ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ ដើម្បីផ្តល់នូវភាពងាយស្រួលដល់មន្រ្តីគយ មានសមត្ថកិច្ចក្នុងការឃ្លាំមើល និងចុះត្រួត ពិនិត្យអនុលោមភាពលើរថយន្តគ្រប់ប្រភេទ ដែលចរាចរតាមដងផ្លូវ ដើម្បីកំណត់បានថា ជាលតា ប័ត្រត្រឹមត្រូវ ឬក្លែងក្លាយ និងទទួលបានព័ត៌មានអំពីអត្តសញ្ញាណរថយន្ត។
ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលតាប័ត្ររថយន្តគំរូថ្មីនេះ ក្នុងឱកាសដែលបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដំណើរ ដោយលោកអគ្គនាយករង លោកប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងមន្ត្រីគយនិងរដ្ឋាករ ពាក់ព័ន្ធ បានអញ្ជើញចុះទៅការិយាល័យគយនិងរដ្ឋាករផែស្ងួត ហុង ឡេង ហួរ នៃសាខាគយនិង រដ្ឋាករផែស្ងួត នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីពិនិត្យសកម្មភាពការងារនៃការដាក់ឱ្យប្រើ ប្រាស់លតាប័ត្ររថយន្តគំរូថ្មី ដែលមានបំពាក់បច្ចេកវិទ្យា RFID ជាមួយនិងការប្រើប្រាស់ឧបករណ៍ RFID Reader។
ក្នុងឱកាសនោះបណ្ឌិត គុណ ញឹម បានប្រគល់លតាប័ត្ររថយន្តគំរូថ្មី ជូនការិយាល័យគយ និង រដ្ឋាករផែស្ងួត ហុង ឡេង ហួរ ជានិមិត្តរូបនៃការប្រកាសជាផ្លូវការ ដាក់ឱ្យប្រើប្រាស់លតាប័ត្រ រថយន្តគំរូថ្មី របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ តទៅ។
សូមជម្រាបជូនថា លតាប័ត្ររថយន្តប្រភេទថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យា RFID នេះ នឹងផ្តល់ នូវភាពងាយស្រួល ដល់មន្រ្តីគយមានសមត្ថកិច្ចក្នុងការឃ្លាំមើល និងចុះត្រួតពិនិត្យអនុលោមភាព លើរថយន្តគ្រប់ប្រភេទដែលចរាចរតាមដងផ្លូវ ក៏ដូចជាស្ថិតក្នុងអាជីវកម្មដ្ឋានពីចម្ងាយ ដោយប្រើ ប្រាស់នូវឧបករណ៍ត្រួតពិនិត្យ (RFID Reader) ដើម្បីកំណត់បានថា ជាលតាប័ត្រត្រឹមត្រូវ ឬក្លែង ក្លាយ និងទទួលបានព័ត៌មាន អំពីអត្តសញ្ញាណរថយន្តផងដែរ៕