(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធី បញ្ជ្រាបការយល់ដឹងស្តីពី «មុខងាររៀបចំផែនការថវិកា» ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ចំនួន ១៦ បន្ថែម នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃអង្គភាពថវិកាអាណាប័កផ្ទេរ សិទ្ធិពេញលេញនៅថ្នាក់ កណ្តាល នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីថា «មុខងាររៀបចំផែនការថវិកា» អនុញ្ញាត ឱ្យអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ អាចគ្រប់គ្រងវដ្ដនៃដំណើរការរៀបចំផែនការថវិកា ប្រចាំឆ្នាំ ដែលរួមមាន៖ ការរៀបចំផែនការយុទ្ធសាស្ត្រថវិការយៈពេល ៣ ឆ្នាំរំកិល, ការរៀបចំកញ្ចប់ ថវិកា និង ការអនុម័តថវិកា ក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។
ទន្ទឹមនេះ, អ្នកប្រើប្រាស់អាចកត់ត្រាគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំលម្អិត ទៅតាមចំណាត់ ថ្នាក់ថវិកា, ចំណាត់ថ្នាក់កម្មវិធី និង ចំណាត់ថ្នាក់សេដ្ឋកិច្ច ទៅតាមដំណាក់កាលនីមួយៗ នៃការរៀប ចំផែនការថវិកា។
បណ្ឌិតសភាចារ្យ បានគូសរំលេចថា «មុខងាររៀបចំផែនការថវិកា» មានអនុមុខងារចំនួន ៩ ដែល ក្នុងនោះ អនុមុខងារចំនួន៤ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់
នៅតាមអង្គភាពថវិកានីមួយៗ រួមមាន ១-អនុមុខងាររៀបចំចំណូលថវិកា, ២-អនុមុខងាររៀបចំចំណាយថវិកា, ៣-អនុមុខងាររៀបចំ ចំណាយបៀវត្សមន្ត្រីរាជការ
និង ៤-អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម ។ ដោយឡែក, អនុមុខ ងារចំនួន
៥ ផ្សេងទៀត ត្រូវបានប្រើប្រាស់សម្រាប់តែអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អគ្គនាយក
ដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
បណ្ឌិតសភាចារ្យបានគូសរំលេចផងដែរថា «មុខងាររៀបចំផែនការថវិកា» ជាមុខងារថ្មីមួយរបស់ប្រព័ន្ធ FMIS ដែលត្រូវបានដាក់ឲ្យប្រើប្រាស់
ចាប់តាំងពីឆ្នាំ ២០២១ មក, ដោយជំហានដំបូង ត្រូវបាន ដាក់ឲ្យប្រើប្រាស់នៅក្រសួងចំនួន២
គឺក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងកិច្ចការនារី, ហើយ បន្តពង្រីកការប្រើប្រាស់ក្នុងឆ្នាំ ២០២២ ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន
១១ បន្ថែម និង គ្រោងបន្ត ពង្រីកការប្រើប្រាស់ក្នុងឆ្នាំ ២០២៣ នេះ
ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១២ បន្ថែម, មន្ទីរសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់ និង អង្គភាពថវិកាថ្មីៗ
រួមមានអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ ពេញលេញទាំង ១៦ នៃក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ដែលបានចូលរួមនៅក្នុងកម្មវិធីនាថ្ងៃនេះ។
បណ្ឌិតសភាចារ្យ បានធ្វើការក្រើនរំលឹកទៅកាន់អង្គភាពថវិកាទាំងអស់ ក្នុងការបន្តពង្រឹងសមត្ថភាព ជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រោះថា ការកែទម្រង់ និង ការផ្លាស់ប្តូរនៅតែបន្តមានឥតឈប់ឈរ និង មិនអាចបកក្រោយបានឡើយ ស្របទៅតាមការអភិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចជាតិ និងដើម្បីតាម ឲ្យទាន់ស្ថានភាពនៃការអភិវឌ្ឍ របស់ប្រទេសក្នុងតំបន់ និង សកលលោក។
ជាមួយនេះ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និង កំពុងបន្តអភិវឌ្ឍកម្មវិធី និង មុខងារថ្មីៗ នៅក្នុងប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រសួង-ស្ថាប័ន និង អង្គភាពប្រតិបត្តិ សំដៅលើក កម្ពស់កម្រិតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាជន ។
បណ្ឌិតសភាចារ្យ បានស្នើឲ្យអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់ ដែលកំពុងចូល រួមកម្មវិធីថ្ងៃនេះ ឲ្យបន្តចូលរួម និង ផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្ថែមទៀត និង ត្រៀមកិច្ចការងារមួយចំនួន ជាពិសេស ការពិនិត្យមើលនីតិវិធីអនុវត្តការងារខាង ក្រៅប្រព័ន្ធ និងគិតគូរក្នុងការកាត់បន្ថយជំហាននៃរំហូរនីតិវិធី ដែលមិនមានតម្លៃបន្ថែម ពីព្រោះថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងសម្របសម្រួលក្នុងការតម្រឹមនីតិវិធីអនុវត្តការងារស្របតាម «ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS (២០២០-២០២៥)» និង តាមផែនការរួមដំណាក់កាលទី ៤ ២០២៣-២០២៧ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ៕