(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះបាន និយាយថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសរុស្ស៉ី ខណៈលោក បាន សាទរចំពោះទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។
ការកត់សម្គាល់ខាងលើរបស់លោក ពូទីន ធ្វើឡើងនាឱកាសដែលលោកទទួលស្វាគមន៍មន្ត្រីការ ទូតកំពូលចិន លោក វ៉ាង យី នៅឯវិមានក្រឹមឡាំង។ លោក ពូទីន ក៏បានប្រាប់ លោក វ៉ាង យីដែរ ថាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៉ីមានភាពល្អប្រសើរជាងការរំពឹងទុក ហើយអាច នឹងកើនឡើងដល់ ២០០ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ បើធៀបទៅនឹងឆ្នាំ២០២២ មាន ១៨៥ពាន់លានដុល្លារ។ «យើងកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនមកកាន់រុស្ស៉ី ហើយយើង ក៏បានឯកភាពគ្នាហើយដែរលើដំណើរទស្សនកិច្ច នេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ពូទីន ដោយមិនបានបញ្ជាក់ពី កាលបរិច្ឆេទនោះ ទេ។
សូមបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃអង្គារកន្លងទៅបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងត្រៀមលក្ខណៈបំពេញដំណើរទស្សនកិច្ច ទៅកាន់ទី ក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ បើតាមកាសែតអាមេរិកនេះដដែល ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីន ទៅកាន់ទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រីឯកាលបរិច្ឆេទ ជាក់លាក់ក៏ មិនទាន់មាននោះដែរ។ ប៉ុន្តែ Wall Street Journal ដោយផ្អែកលើ ប្រភពដែលខ្លួនទទួលបាន បានបន្ថែមថាដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង អាចនឹងកើតឡើងនៅខែមេសា ឬក៏នៅ ដើមខែឧសភា ចំពេលដែលរុស្ស៉ីប្រារព្ធខួបជ័យជម្នះ របស់ខ្លួនលើអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោក លើកទី២៕