ថៃយល់ព្រមខ្ចីប្រាក់បន្ថែមជាង ២ពាន់លានដុល្លារដើម្បីជួយផ្តល់ឧបត្ថម្ភធនថាមពល

 (បាងកក)៖ គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារបានអនុម័តប្រាក់កម្ចីថ្មីចំនួន ៨១,២ពាន់លានបាត (២,៣៥ពាន់លានដុល្លារ) បន្ថែមទៀតនៅក្នុងឆ្នាំសារពើពន្ធ២០២៣ ដែលភាគច្រើនសម្រាប់មូល និធិរដ្ឋដែលប្រើប្រាស់សម្រាប់ឧបត្ថម្ភធនលើការចំណាយលើប្រេងឥន្ធនៈ ខណៈរដ្ឋាភិបាលកំពុង ប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីអ្នកនាំពាក្យរងរដ្ឋាភិបាលថៃគឺលោកស្រី Traisuree Traisoranakul ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការខ្ចី ប្រាក់របស់ការិយាល័យមូលនិធិប្រេងឥន្ធនៈឥឡូវនេះនឹងកើនឡើងចំនួន ៨០ពាន់លានបាតដល់ ១១០ ពាន់លានបាតក្នុងឆ្នាំសារពើពន្ធនេះ។

ប្រទេសថៃប្រើប្រាស់មូលនិធិនេះដើម្បីគាំទ្រដល់ការឧបត្ថម្ភធន និងគ្រប់គ្រងតម្លៃប្រេង ដើម្បីបង្អាក់ កំណើនអត្រាអតិផរណាដែលបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ២៤ឆ្នាំកាលពីឆ្នាំមុន។

លោកស្រី Traisuree បានថ្លែងថា ការខ្ចីប្រាក់ដែលធ្វើឡើងដោយសហគ្រាសរដ្ឋមួយចំនួនទៀត នឹងកើនឡើង ១,២ពាន់លានបាត។

លោកស្រីបាននិយាយថាផែនការបំណុលដែលបានកែសម្រួលនឹងអនុញ្ញាតឱ្យមានការខ្ចីប្រាក់ថ្មីសរុបកើនឡើងដល់ ១,១៣ពាន់ពាន់លានបាត (៣២,៦៩ពាន់លានដុល្លារ) នៅក្នុងឆ្នាំសារពើពន្ធដែល បញ្ចប់ក្នុងខែកញ្ញា។ លោកស្រីបានមានប្រសាសន៍ថា បំណុលសាធារណៈរបស់ប្រទេសថៃឥឡូវ នេះត្រូវបានរំពឹងថានឹងមានចំនួន ៦១,១៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅចុងឆ្នាំ សារពើពន្ធនេះ នៅតែស្ថិតក្នុងដែនកំណត់ដែលបានអនុម័តរង្វង់ ៧០ភាគរយនៃផលិតផលក្នុង ស្រុកសរុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕