(ហ្សាការតា)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ប្រាប់អោយដឹងថា ប្រទេសឥណ្ឌូនេស៊ីដែលជាមេដឹកនាំប្តូរវេនបច្ចុប្បន្ន នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន បាននិយាយថា ប្រទេសទាំងពីរនឹងបង្កើនការ ចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi និងសមភាគីចិនរបស់ លោក Qin Gang បាននិយាយបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃពុធនេះ ក្នុងអំឡុងទស្សនកិច្ចការងារ របស់ លោក Qin នៅប្រទេសឥណ្ឌូនេស៊ី។
លោក Qin កំពុងបំពេញទស្សនកិច្ចការងាររយៈពេលប៣ថ្ងៃតាមការអញ្ជើញរបស់ លោកស្រី Marsudi ដែលរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីបញ្ហាតំបន់ និងទ្វេភាគី។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោកស្រី Marsudi បាន និយាយថា ប្រទេសឥណ្ឌូនេស៊ី និងអាស៊ានចង់បានសមុទ្រចិនខាងត្បូងជាទីប្រកបដោយសន្តិភាព និងស្ថិរភាព។
ដោយសំដៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដែលប្រទេសចិនបានផ្តល់សច្ចាប័ន លោកស្រីបាននិយាយថា «ការគោរពច្បាប់អន្តរជាតិ ជាពិសេសច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺជាមូល ដ្ឋានគ្រឹះ»។ លោកស្រីបានបន្ថែមថា ប្រទេសឥណ្ឌូនេស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ចង់ បង្កើតក្រមសីលធម៌មួយ ដែលប្រកបដោយប្រសិទ្ធភាព គោលបំណង និងអាចអនុវត្តបាន។
ខាងភាគីចិន លោក Qin បាននិយាយថា សង្រ្គាមត្រជាក់ថ្មី និងការប្រកួតប្រជែងរវាងមហាអំណាច ធំៗ មិនគួរលេចឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ។ ហើយ ប្រទេសនៅក្នុងតំបន់ក៏មិនគួរ ត្រូវបានបង្ខំឱ្យចូលភាគីណាមួយនោះដែរ។
លោកបានបន្ថែមថា ចិនគាំទ្រឯករាជ្យភាពជាយុទ្ធសាស្ត្ររបស់អាស៊ាន និងគោរពភាពកណ្តាលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់៕