ក្រសួងយុត្តិធម៌ ចុះ MoU ជាមួយ ADB ស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា

 (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះអនុស្សារណៈនៃការយោគ យល់គ្នា (MoU) ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្ត្រី អនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យុតសាណា វ៉ាម៉ា នាយិកា ADB នាអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គ ចៅក្រម។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា MoU មួយនេះ ធ្វើឡើងក្នុងក្របខណ្ឌ ជំនួយ គាំទ្របច្ចេកទេសសម្រាប់ការពង្រឹងសមត្ថភាពតុលាការឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅអាស៊ី និងប៉ាស៊ីហ្វិក។ ឯកឧត្តម បន្តថា MoU នេះដែរ បង្ហាញអំពីការគាំទ្រពី ADB លើ ការរៀបចំដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា សំដៅធ្វើយ៉ាងណាឲ្យតុលាការមួយនេះ មានដំណើរការប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីអ្នកវិនិយោគ ស្រប តាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌។

តាមរយៈ MoU នេះដែរ, ADB នឹងជួយកម្ពុជា ៣ចំណុច រួមមាន៖

១៖ ការរៀបចំក្របខណ្ឌគតិយុត្ត និងនីតិវិធី ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព នៃតុលាការពាណិជ្ជកម្ម

២៖ ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងចែករំលែកបទពិសោធន៍ដល់ចៅក្រម ពាក់ព័ន្ធ នឹងដំណើរការ នៃតុលាការពាណិជ្ជកម្ម នៅតាមបណ្តាប្រទេសផ្សេងៗ

៣៖ ការសហការជាមួយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដើម្បីជួយបណ្តុះបណ្តាលដល់ចៅក្រម ពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីក្នុងវិស័យពាណិជ្ជកម្ម។

«កន្លងមក ខ្ញុំធ្លាប់បានណែនាំដល់ក្រុមការងារក្រសួងយុត្តិធម៌ថា ដរាបណាតុលាការពាណិជ្ជកម្មនេះ មិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវទេនោះ ខ្ញុំសុខចិត្តមិនដាក់ឲ្យដំណើរ ការតុលារការពាណិជ្ជកម្មនេះតែម្តង»។ នេះជាការអះអាងរបស់លោករដ្ឋមន្ត្រី។

លោកស្រី យុតសាណា វ៉ាម៉ា បានថ្លែងថា លោកស្រីមានកិត្តិយស ដែលអាចក្លាយជាផ្នែកមួយក្នុង ការគាំទ្រកម្ពុជា ឲ្យមានតុលាការពាណិជ្ជកម្មកម្ពុជា និងជាផ្នែកមួយ ធ្វើឲ្យតុលាការនេះ ដំណើរការ ប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីអ្នកវិនិយោគ។ លោកស្រី មានជំ នឿថា តុលាការពាណិជ្ជកម្មនៅកម្ពុជា នឹងជួយទាក់ទាញអ្នកវិនិយោគ ឲ្យមកបោះទុននៅកម្ពុជា បន្ថែមទៀត។

សូមរំលឹកថា ឯកឧត្តម កើត រិទ្ធ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជ កម្ម តាមរយៈលិខិតលេខ ០៣ កយ.សសរ/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

គណៈកម្មការនេះដឹកនាំដោយ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានតួនាទី ជាអាទិ៍ រួមមាន ការរៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលា ការពាណិជ្ជកម្មនៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្តីជាន់ខ្ពស់, សិក្សា និងការរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម, ការរៀបចំបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជ កម្ម និងកំណត់ប្រភេទវិវាទពាណិជ្ជកម្ម។ ក្រសួងយុត្តិធម៌ និងដៃគូពាក់ព័ន្ធ កំពុងតែមមាញឹកក្នុងការ រៀបដំណើរការ និងនីតិវិធីផ្សេងៗមួយចំនួន មុនឈានទៅដាក់ឲ្យដំណើរ​ការជាផ្លូវការនៃ តុលាការ ពាណិជ្ជកម្ម ដែលដោះស្រាយតែវិវាទក្នុងរឿងពាណិជ្ជកម្មប៉ុណ្ណោះ។ ឯកឧត្តម ជីវ សុងហាក់ ធ្លាប់ បានលើកឡើងថា អ្វីដែលជាការរំពឹងទុកនោះ ក្រសួងយុត្តិធម៌ អាចនឹងដាក់ឲ្យដំណើរការតុលាការ ពាណិជ្ជកម្ម នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ៕