(មូស្គូ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺ រុស្ស៊ី ចិន និងអាហ្រ្វិកខាងត្បូង គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ចេញពីឆ្នេរសមុទ្រនៃមហាសមុទ្រឥណ្ឌា របស់ប្រទេសអាហ្រ្វិកខាងត្បូង ក្នុងការបង្ហាញអំពីទំនាក់ ទំនងយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងបី ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និង ទំនាក់ទំនងដ៏តានតឹងរបស់ចិនជាមួយលោកខាងលិច។
សមយុទ្ធរយៈពេល ១០ថ្ងៃ ដែលមានឈ្មោះថា Mosi II នឹងធ្វើឡើងស្របពេលជាមួយខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ។
សមយុទ្ធកងទ័ពជើងទឹកនេះ នឹងធ្វើឡើងនៅកំពង់ផែ Durban និង Richards Bay ក្នុងខេត្ត KwaZulu-Natal របស់អាហ្វ្រិកខាងត្បូង។
នាវាចម្បាំងរុស្ស៊ីឈ្មោះ Admiral Gorshkov បានមកដល់ទីក្រុង Cape Town កាលពីដើមសប្តាហ៍ នេះ ដោយត្រូវបានសរសេរអក្សរ Z និង V នៅសងខាងរបស់វា ដែលជាអក្សរសម្គាល់ថាអាវុធរុស្ស៊ី នៅជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានគេប្រើជានិមិត្តសញ្ញាស្នេហាជាតិនៅក្នុងប្រទេស រុស្ស៊ី។ ការមកដល់របស់នាវាចម្បាំង Admiral Gorshkov បានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាង ខ្លាំង ដោយសារតែវាត្រូវបានបំពាក់ដោយក្បាល់មីស៊ីល Zircon លឿនជាងសម្លេងចុងក្រោយបង្អស់ ដែលជាអាវុធដែលរុស្ស៊ីអះអាងថា អាចជ្រាបចូលប្រព័ន្ធការពារមីស៊ីលណាមួយក៏បាន ហើយវាអាច វាយប្រហារគោលដៅទាំងនៅសមុទ្រ និងនៅលើដីទៀតផង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឱ្យដឹងថា នាវាចម្បាំងគ្រោងនឹងបាញ់សាក ល្បងមីស៊ីល Zircon ក្នុងអំឡុងពេលសមយុទ្ធកងទ័ពជើងទឹករបស់ពួកគេផងដែរ។ បើដូច្នេះមែន នោះវានឹងក្លាយជាការបាញ់សាកល្បង លើកដំបូងក្នុងសមយុទ្ធអន្តរជាតិ៕