ឯកឧត្តម ហេង សួរ ជំរុញសមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការពារនូវសិទ្ធ សេចក្តីថ្លៃថ្នូរ និងអត្ថប្រយោជន៍ជូនដល់ បងប្អូនកម្មករនិយោជិត

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. វិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអស់បន្តយកចិត្តទុកដាក់ការពារនូវសិទ្ធ សេចក្តីថ្លៃថ្នូរ និង អត្ថប្រយោជន៍ជូនដល់ បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេសឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ លើការចូលរួម និងវប្បធម៌នៃការចែករំលែក ដើម្បីចូលរួម ចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ និងចូលរួមជាមួយរាជ រដ្ឋាភិបាល ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តម ហេង សួរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ បានថ្លែងបែបនេះ ក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំង ប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ដល់សមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រមាណ២៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការគ្រប់ លំដាប់ថ្នាក់ ដែលជាសមាជិក សមាជិកា របស់ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ ជាពិសេស ការចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកង ទ័ព ជាមួយគ្នានេះ ក៏បានចូលរួមជំរុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ជាពិសេសការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ និងបង ប្អូនកងកម្លាំងសមត្ថកិច្ច ដែលបានចុះជួយផ្ទាល់នៅមូលដ្ឋាននាពេលកន្លងមកផងដែរ។

ឯកឧត្តម ហេង សួរ គូសបញ្ជាក់ថា កន្លងទៅនេះ ស.ស.យ.ក. វិស័យបានសហការជាមួយ ស.ស.យ.ក. ថ្នាក់កណ្តាល ស.ស.យ.ក. រាជធានីភ្នំពេញ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែន ដី និងដៃគូសង្គម ក្នុងការអនុវត្តនូវសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩, សកម្មភាពមនុស្សធម៌, ការអនុវត្តគម្រោង “I Care You” ដែលជាគម្រោងរបស់ ស.ស.យ.ក. វិស័យផ្ទាល់ និងសកម្មភាពផ្សេងៗទៀត ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត ហើយលទ្ធផល នេះពិតជាបានចូលរួមឆ្លើយតបទៅនឹងសកម្មភាពជាយុទ្ធសាស្រ្ត និងគោលបំណងរបស់ ស.ស.យ.ក.។

ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ ក៏បានផ្តាំផ្ញើឱ្យសមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវនូវស្មារតីនៃលទ្ធផល សេចក្តីសម្រេចចិត្ត នៃ មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឲ្យទទួលបានជោគជ័យផងដែរ៕