(ប៉េកាំង, ចិន)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីអញ្ជើញទៅដល់ ក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន ធំៗរបស់ចិនចំនួន៣ ចូលជួបសំដែងការគួរសម និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការសាង សង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ក្រុមហ៊ុនវិនិយោគទាំង៣នោះរួមមាន៖ ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន, ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង និងក្រុមហ៊ុន China Metro Group Limited។ ក្រុមហ៊ុនទាំង៣បានសម្តែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវ ស្ពានជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។
ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្ម ចិននាំមុខ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន ការសិក្សាប្លង់ ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូន ការស្តាផ្លូវទឹក ការផលិតគ្រឿងចក្រធន់ធ្ងន់ និងសេវាកម្មអាហរណ៍ នីហរ័ណ។
ក្នុងជំនួបសម្តែងការគួរសមនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនចិនទាំងបី បានជំរាបសម្តេចតេជោនាយករដ្ឋ មន្ត្រី ពីការសាងសង់ និងប្រតិបត្តិការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានិងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនិងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៧។
ជាមួយទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋ មន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្ត ព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែល បានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេល ខាងមុខ។
ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿនធន់ស្រាល ពីរាជធានីភ្នំពេញទៅកានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។
ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោង សិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិននាពេលនេះ។
នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់របាយការណ៍ សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុម ហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូន ក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។
ក្រុមហ៊ុន ក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងនោះបាននិង កំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ លូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្រុមហ៊ុនទាំងបី ក៏បានជំរាបជូនសម្តេចតេជោ ពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោ សែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កម្ពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យ រដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន ៥សែនដុល្លាអាមេរិក។
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយ សាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊នចិនទាំងបី ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបាន សិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត៕