(ហាណូយ)៖ យោងតាមកាសែត VN Express International របស់វៀតណាម បានអោយដឹងថា តម្លៃនាំចេញអង្កររបស់ប្រទេសវៀតណាម បានធ្លាក់ចុះ ១៧.៤% នៅខែមករាឆ្នាំនេះ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹម ២០៣លានដុល្លារ ខណៈតម្រូវការពិភពលោកថយចុះ។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមថា បើគិតជាបរិមាណវិញ ការនាំចេញអង្ករក៏បានធ្លាក់ចុះ ២០.៩ភាគ រយផងដែរមកនៅត្រឹម៤០ម៉ឺនតោន។
ក្រសួងបានឱ្យដឹងថា តម្រូវការសកលបានធ្លាក់ចុះ ដោយសារស្តុកអង្ករនៅមានកម្រិតខ្ពស់ ក្នុង ប្រទេសជាច្រើន។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំខែមករា របស់ខ្លួនថា ពាណិជ្ជកម្មអង្ករពិភពលោកអាចធ្លាក់ចុះ ៤ភាគរយនៅឆ្នាំនេះមកត្រឹម ៥៤.៤លាន តោន ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩មក។
សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់គោលដៅនាំចេញសម្រាប់ឆ្នាំនេះពី ៨លានតោនមក ៧.៥លានតោន ដោយបារម្ភថា វិបត្តិសកលនឹងប៉ះពាល់ដល់ពាណិជ្ជកម្ម។ វៀតណាមរំពឹងថា ការនាំចេញនឹងងើបឡើងវិញនៅដំណាច់ខែមីនា ដោយសារប្រាក់បាតថៃ បន្តកើនឡើងធៀប នឹងប្រាក់ដុល្លារអាមេរិក ដែលធ្វើឱ្យអង្កររបស់ប្រទេសថៃមានការប្រកួតប្រជែងតិច។ នេះបើយោងតាមកាសែត VN Express៕