(អង់ការ៉ា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថាចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ១៥,០០០នាក់ហើយ បន្ទាប់ពីគ្រោះ រញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី និងស៉ីរី កាលពីវេលាទាបភ្លឺ ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ខណៈក្រុមអ្នកជួយសង្រ្គោះនៃប្រទេសទាំង២ កំពុងបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេរៀងៗខ្លួន ដើម្បីស្វែងរកអ្នកដែលអាចនៅរស់រាន មានជីវិត ជាប់នៅក្រោមគំនរ អគារបាក់បែក ចំពេលស៊ីតុណ្ហភាពធ្លាក់ចុះកាន់តែត្រជាក់។
អាជ្ញាធរស៊ីរី បានឱ្យដឹងថាមនុស្សយ៉ាងហោច ២,៩៩២នាក់ បានស្លាប់ រីឯអាជ្ញាធរតួកគី ប្រកាស ថាមនុស្សស្លាប់បានកើនដល់ ១២,៣៩១នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់ទាំងនៅតួកគី និងស៊ីរី កើនដល់ ១៥,៣៨៣នាក់។ ក្រៅពីមនុស្សស្លាប់យ៉ាងរង្គាលបែបនេះ អគាររាប់ពាន់ខ្នងបានដួល រំលំកម្ទេចខ្ទី នៅក្នុងប្រទេសទាំងពីរ ហើយមនុស្សជាច្រើន ត្រូវគេជឿថានៅកប់ក្រោមគំនរបែក បាក់។ ចំណែកឯ ចំនួន អ្នករងរបួសវិញនៅតួកគីមានចំនួន ៥២,៩៧៩នាក់ ហើយមនុស្សជាង ៨,០០០នាក់ត្រូវបានជួយសង្រ្គោះ និងទាញចេញដោយនៅមានជីវិតពីគំនរអគារបាក់បែក។ នៅឯស៊ីរីវិញ អ្នករងរបួសមានច្រើនជាង ២២,០០០នាក់។
អង្គការ WHO បានព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងដល់ ២០,០០០នាក់ឯណោះ ហើយ មនុស្សប្រហែលជាង ២៣លាននាក់ នៅក្នុងប្រទេសទាំងពីរ អាចនឹងរងផលប៉ះពាល់ពីគ្រោះរញ្ជួយ ដីនេះ។ នាពេលនេះ អន្តរជាតិកំពុងប្រញាប់ប្រញាល់ផ្តល់ជំនួយ ហើយបញ្ជូនក្រុមរុករកនិងសង្រ្គោះ ដើម្បីជួយប្រទេសតួកគីនិងស៊ីរី៕