ចិន ច្រានចោលសំណើពីអាមេរិក រៀបចំកិច្ចសន្ទនាតាមទូរស័ព្ទ រវាងប្រមុខការពារជាតិ ក្រោយឧប្បត្តិហេតុបាឡុង

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អោយដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានឱ្យដឹងថាចិនបានបដិសេធសំណើរៀបចំ កិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការពារជា តិចិន លោក វៃ ហ្វឹងហឺ (Wei Fenghe) ក្រោយទីក្រុងវ៉ាស៊ីនតោនបាញ់ទម្លាក់បាឡុងរបស់ចិន។

បើតាមលោកឧត្តមសេនីយ៍ត្រី ផាត រ៉ៃដឺ (Pat Ryder) មន្ទីរបញ្ចកោណបានបញ្ជូនសំណើស្នើ សុំរៀបចំកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ភ្លាមៗក្រោយបាឡុងចិនត្រូវបានបាញ់ទម្លាក់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ជាអកុសល សាធារណរដ្ឋប្រជា មានិតចិន បានបដិសេធនឹងសំណើរបស់យើង។ តែយើងនៅតែបន្តប្ដេជ្ញាចិត្តចំពោះការបើកចំហ ការទំនាក់ទំនង»។

គួរបញ្ជាក់ថា យោធាអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ទម្លាក់បាឡុងមួយដែលទីក្រុង វ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិន នៅឯតំបន់ឆ្នេរនៃរដ្ឋ South Carolina ក្រោយ ស្ទាក់ស្ទើរអស់រយៈពេលជាច្រើនថ្ងៃ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅ ខាងក្រោម។ បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពី យន្ដហោះ ចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ ម៉ែត្រ។

បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង ប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំងដែលដំបូងឡើយ គ្រោងធ្វើឡើងចាប់ពី ថ្ងៃអាទិត្យសប្ដាហ៍មុន ដល់ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ ចិនបានអះអាងថាបាឡុងរបស់ខ្លួនជាបាឡុងស៊ីវិលធម្មតា និងចោទប្រកាន់អាមេរិកថាមានប្រតិកម្មជ្រុលហួសហេតុ ជាមួយការព្រមានថាទីក្រុងប៉េកាំងនឹង រក្សាសិទ្ធិចាត់វិធានការឆ្លើយតប៕