កូរ៉េខាងត្បូង ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung-bak ត្រូវបានគេនាំទៅពន្ធនាគារកាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ដើម្បីចាប់ផ្តើមដាក់ទោសរយៈពេល១៧ឆ្នាំពីបទទទួលសំណូក និងការលួចបន្លំថវិកា បន្ទាប់ពីចាញ់បណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសស្រាលជាងនេះ។
លោក Lee ដែលកាន់តំណែងពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ត្រូវបានជាប់ពន្ធនាគាររយៈពេលខ្លីកាលពីឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានផ្តន្ទាទោសរយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១៣ ពាន់លានវ៉ុន (១១ លានដុល្លារអាមេរិក) ប៉ុន្តែត្រូវបានធានាឲ្យនៅក្រៅឃុំ ខណៈពេលដែលគាត់បានប្តឹងឧទ្ធរណ៍។
គាត់ត្រូវបានគេរកឃើញថាមានកំហុសពីបទបង្កើតមូលនិធិរាប់លានដុល្លារ និងទទួលសំណូកពីក្រុមហ៊ុន Samsung Electronics ជាថ្នូរនឹងការលើកលែងទោសប្រធានរបស់ខ្លួនគឺលោក Lee Kun-hee ដែលត្រូវបានជាប់ពន្ធនាគារពីបទគេចពន្ធ។
នៅក្នុងសវនាការនៅថ្ងៃពុធតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលបានចេញបញ្ជាឲ្យដាក់ទោសធ្ងន់ជាងនេះដោយនិយាយថា “លោក Lee មិនបានបង្ហាញសញ្ញានៃវិប្បដិសារី ឬអារម្មណ៍នៃការទទួលខុសត្រូវចំពោះកំហុសរបស់គាត់ឡើយ” ។តុលាការបាននិយាយថា លោកក៏បានបន្ទោសមន្ត្រីរាជការដែលលោកបានធ្វើការជាមួយ និងបុគ្គលិកក្រុមហ៊ុន Samsung ផងដែរ។
ប្រធានាធិបតីកូរ៉េខាងត្បូងជាច្រើនរូបបានជាប់ឃុំឃាំង បន្ទាប់ពីបានចាកចេញពីតំណែង ខណៈដែលជាញឹកញាប់ចេញមកពីការស៊ើបអង្កេតដែលបានចាប់ផ្តើមដោយគូប្រជែងនយោបាយរបស់ខ្លួន ។ចំណែកអ្នកស្នងតំណែងរបស់លោក Lee គឺលោកស្រី Park Geun-hye បច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល ៣២ ឆ្នាំពីបទទទួលសំណូក និងរំលោភអំណាច បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងកាលពីឆ្នាំ ២០១៧ ជុំវិញរឿងអាស្រូវពុករលួយទូទាំងប្រទេសដែលបង្កឲ្យមានការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំង។
រីឯលោក Roh Moo-hyun អតីតមេដឹកនាំម្នាក់ទៀតបានធ្វើអត្តឃាតខ្លួនឯង បន្ទាប់ពីត្រូវបានសាកសួរនៅក្នុងការស៊ើបអង្កេតពីបទពុករលួយពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់គាត់៕