ស្រ្តី Live លក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយល្មើសនឹងកិច្ចសន្យា

ភ្នំពេញ ៖ ស្ត្រីរកស៊ីម្នាក់ដែលតែងផ្សាយ Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកវិញ ក្រោយពេលធ្វើកិច្ចសន្យាហើយ បែរជាល្មើសនឹងកិច្ចសន្យា និងបន្តប្រព្រឹត្តអំពើឥតអៀនខ្មាសនោះម្តងទៀត។ ការចាប់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ត្រីដែលត្រូវបានឃាតខ្លួននេះមានឈ្មោះថា វ៉ែន រចនា ហៅ ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ត្រូវគេស្គាល់ថាជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន ដែលអំពើទាំងនោះបានរងការរិះគន់យ៉ាងក្រៃលែង។ ស្ត្រីរកស៊ីម្នាក់នោះ មានទីលំនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចកោះហៅសាកសួរ និងក្រោយមកបានធ្វើកិច្ចសន្យា និងថែមទាំងបញ្ជាក់ក្នុងវីដេអូសារភាពអំពីការថតឡាញលក់ផលិតតាមហ្វេសបង្ហាញកេរ្តិ៍ខ្មាសផងដែរ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងថា សមត្ថកិច្ចពិតជាឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ពិតប្រាកដមែនទាក់ទងការបង្ហាញកេរ្តិ៍ខ្មាសដោយមិនរាងចាល។ ដោយលោកស្នងការបានបញ្ជាក់ថា ការឃាត់ខ្លួននេះគឺតាមបញ្ជារបស់លោក កែវ ធា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ៕