(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យនិស្សិតកម្ពុជា ត្រូវប្រើប្រាស់ភាសាជាតិឱ្យបានទូលំទូលាយ និងសិក្សាឈ្វេងយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីទុកជាគ្រឹះចំណេះដឹងសម្រាប់បំពេញការងារអភិវឌ្ឍជាតិទៅថ្ងៃអនាគត។
ការជំរុញបែបនេះរបស់ឯកឧត្តម បណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបាន អញ្ជើញជាអធិបតីភាពបិទបាឋកស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអង្គរទៅអង្គការ (The History of Cambodia : from Angkor to Angkar)» នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត សុខ ទូច បានជំរុញយ៉ាងដូច្នេះថា៖ «សូមជម្រាបជូនពីដើមអត់មានសៀវភៅ និយាយពីអប្សរាទេ អីឡូវរាជបណ្ឌិត្យមានរួចហើយ បើអប្សរាណាមួយបែកបាក់ មិនត្រូវការភាសា បារាំង ភាសារុស្សី និងភាសាអង់គ្លេសទៀតនោះទេ ខ្មែរ ព្រោះខ្មែរយើងបានធ្វើរួចហើយ ក្នុងរយៈ ពេល៣ឆ្នាំ ហើយបកប្រែជា៥ភាសា ដូចនេះសូមប្អូនបានដឹងផង កុំអានតែភាសាអង់គ្លេសពេក»។
ឯកឧត្តម បណ្ឌិត សុខ ទូច បានបន្តថា រាជបណ្ឌិត្យសភាកម្ពុជា បានខិតខំស្រាវជ្រាវចងក្រងឯកសារ ប្រវត្តិសាស្ត្រ ហើយរាជបណ្ឌិត្យសភាកម្ពុជាក៏កំពុងស្រាវជ្រាវសរសេរពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដោយមានបែងចែកជា៥សម័យកាល គឺទី១៖ សម័យបុរេប្រវត្តិសាស្ត្រ, ២៖ សម័យមុនអង្គរ, ៣៖ សម័យអង្គរ, ៤៖ សម័យក្រោយអង្គរ និង៥៖ សម័យទំនើប។
បន្ថែមពីនេះ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា កូនខ្មែរត្រូវតែមានមោទនភាព ចំពោះអ្វីដែលខ្លួនមាន។ ប្រទេសជប៉ុន និងរុស្សីរីកចម្រើន គឺអត់មានភាសាអង់គ្លេសមួយឃ្លា នោះទេ។
«ខ្មែរត្រូវជួយអាន ជួយលើកតម្កើងភាសាជាតិយើង ដើម្បីផលប្រយោជន៍ជាតិយើង គ្មានជាតិណាមួយ រីកចម្រើនដោយមិនមោទនភាពជាតិខ្លួននោះទេ ដូច្នេះ ប្អូនៗត្រូវតែខិតខំរៀនពីប្រវត្តិសាស្ត្ររបស់ យើង»។ នេះជាការលើកឡើងបន្ថែមរបស់ ឯកឧត្តម បណ្ឌិត សុខ ទូច។
លោកបណ្ឌិត យង់ ពៅ បានឱ្យដឹងថា ហេតុនេះទើប ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន រាជ បណ្ឌិត្យសភាកម្ពុជា បានដឹកនាំគម្រោង «សរសេរប្រវត្តិសាស្ត្រប្រទេសកម្ពុជា» មានរយៈ ពេល៣ឆ្នាំ ដោយមានបែងចែកជា៥សម័យកាល ១៖ សម័យបុរេប្រវត្តិសាស្ត្រ ២៖ សម័យមុនអង្គរ ៣៖សម័យអង្គរ ៤៖ សម័យក្រោយអង្គរ និង៥៖ សម័យទំនើប…។ ការសិក្សាស្រាវជ្រាវបានរយៈពេល២ឆ្នាំហើយ និងបានទទួលលទ្ធផលប្រមាណ៦០ភាគរយហើយ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បាឋកថា ស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពីអង្គរទៅអង្គការ» ពិតជាសក្តិសមនឹងនិន្នាការបច្ចុប្បន្ន រួមនឹង ចំណេះដឹងនៃដំណើរវិវត្តន៍ សង្គម នយោបាយកម្ពុជា ដែលនឹងបង្ហាញពីចក្រភពខ្មែររហូតដល់ សម័យកាលអង្គការ (សម័យរុងរឿងបំផុត និងសម័យធ្លាក់ចុះដល់សូន្យ ក្នុងរវាង៨០០ឆ្នាំ) បានជា ឯកសារជំនួយស្មារតីដ៏សំខាន់ដាស់តឿនប្រជាជាតិខ្មែរនូវគុណតម្លៃសុខសន្តិភាព។
លោកបានគូសរំលេចពីតួនាទីរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ រៀបវេទិ កាធនាគារខួរក្បាលជាតិ អន្តរជាតិ ហើយកំពុងតែបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមចំណែកក្នុង ការកសាង និងអភិវឌ្ឍសង្គមកម្ពុជា លើវិថី «សន្តិភាព និយម»៕