រដ្ឋមន្ត្រីសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលប្រចាំប្រទេស នៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា

 (ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជំនួប ពិភាក្សាការងារ ជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលប្រចាំប្រទេស នៃទីភ្នាក់ងារ អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួង នាថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ជំនួបនេះក៏មានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការ ទេសន្តប្រវេសន៍អន្តរជាតិផងដែរ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Joseph Scheuer ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលប្រចាំប្រទេស នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ និងលោក Will parks ដែលត្រូវបានតែងតាំងជាប្រធានអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបនោះ លោក Joseph Scheuer បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាល កម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះបានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ត្រឹម ត្រូវ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេស ទាំងសកម្ម ភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។

ជាពិសេសអ្នកសម្របសម្រួលប្រចាំប្រទេស បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបាន ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់បុគ្គលិកទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំង សមាជិកគ្រួសាររបស់ពួកគេទាំងអស់ដោយឥតគិតថ្លៃ។

លើសពីនេះទៀត អ្នកសម្របសម្រួលប្រចាំប្រទេស ក៏បានថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលតែងតែគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នទីភ្នាក់ងារអង្គការសហប្រជាជាតិ ដូច ជាអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការទេសន្តប្រវេសន៍អន្តរជាតិ ដែលអាច ឱ្យទីភ្នាក់ងារទាំងអស់នេះ អាចបំពេញបេសកកម្មរបស់ពួកគេ ដោយជោគជ័យ។

លោក Joseph Scheuer ក៏បានរាយការណ៍ជូន ឯកឧត្តម រដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃការរៀបចំសេច ក្តីព្រាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ របស់អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ២០២៤-២០២៨ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេស (UN Sustainable Development Cooperation Framework) និងបានគោរពស្នើសុំការគាំទ្រពី លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ទៅលើក្របខណ្ឌកិច្ចសហប្រតិបត្តិការបន្តទៀត។

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការ សហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា ដែលសបញ្ជាក់ពីការយកចិត្ត ទុកដាក់ខ្ពស់ របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជា ពិសេសក្នុងកាលៈទេសៈ ដែលកម្ពុជាបានខិតខំប្រឹងប្រែង ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះឯកឧត្តម រដ្ឋមន្ដ្រី ក៏បានថ្លែងគាំទ្រចំពោះគម្រោងរៀបចំក្របខណ្ឌកិច្ចសហប្រតិ បត្ដិការ ឆ្នាំ២០២៤-២០២៨ខាងលើនេះផងដែរ៕