សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា ត្រៀមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

 (ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បាន អញ្ជើញត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា និងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាខែឧសភាខាងមុខ ។ការអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធកីឡាខាងលើ អមដំណើរ ដោយអនុប្រធានអចិន្ដ្រៃយ៍ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ហើយក៏មានការចូលរួមពី ថ្នាក់ដឹកនាំគណៈកម្មការ អនុគណៈកម្មការ និងតំណាងក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសាងសង់ភូមិកីឡាផងដែរ ។

ក្រោយការត្រួតពិនិត្យខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ តំណាងក្រុមហ៊ុន និងគណៈកម្មការជំនាញ ដើម្បីជំរុញ និងពង្រឹងការងារបន្ថែម ដល់ដំណើរការ សាងសង់ភូមិកីឡា ដើម្បីធានាបាននូវការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើដល់ការ ស្នាក់នៅ និងហូបចុករបស់ប្រតិភូកីឡា ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពី ថ្ងៃទី០៥-១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ៕