វេទិកាទេសចរណ៍ឣាស៊ាន២០២៣ ធ្វើនៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃ១-៥ ខែកុម្ភៈ

 (ភ្នំពេញ)៖ ស្ថាប័នជាតិទេសចរណ៍អាស៊ានបានរៀបចំវេទិកាទេសចរណ៍ឣាស៊ាន២០២៣ (ATF 2023) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១-៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេស ឥណ្ឌូណេស៊ី។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តម មន្ត្រីស្ថាប័នជាតិទេសចរណ៍កម្ពុជា នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានក្នុងវេទិកាទេសចរណ៍ឣាស៊ាន២០២៣នេះ។

ឯកឧត្តម ថោង រដ្ឋសក្តិ បានឱ្យដឹងថា ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន ទាំង១០ នឹងពិភាក្សាលើផែនការបន្តអនុវត្តការងារកន្លងមក ដែលកើតចេញពីសមិទ្ធផលក្នុងពេល ដែលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដែលរួមមានគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជា៖

១. សេចក្តីប្រកាសភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។

២. ការសម្រេចការសិក្សាប្រកបដោយបរិយាប័ន្នលើការអនុវត្តការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។

៣. ការសម្រេចក្របខណ្ឌអាស៊ានស្តីពីទេសចរណ៍ ប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩។

លោកបានបន្តថា កិច្ចប្រជុំក៏នឹងពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារពិធីសារមួយចំនួននៃកិច្ចប្រជុំគណៈកម្មការអាស៊ានទាំង៤ រួមមាន៖

១. កិច្ចប្រជុំក្រុមការងារភាពជាដៃគូទីផ្សារទេសចរណ៍អាស៊ាន
២. កិច្ចប្រជុំគណៈកម្មការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន
៣. កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន
៤. កិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

ឯកឧត្តម អគ្គនាយកបានបន្តទៀតថា ស្របពេលជាមួយកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន លើកទី៥៧ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិ អាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍដូចជា អង្គការ ទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ក៏នឹងមានជំនួបប្រជុំទ្វេភាគីជាមួយដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។ នេះបើតាមការបន្ថែមរបស់ឯកឧត្តម ថោង រដ្ឋសក្តិ៕