អ្នកស្លាប់កើនដល់៥៩នាក់ និងរបួសជាង១៧០នាក់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅប៉ាគីស្ថាន

 (អ៉ីស្លាម៉ាបាដ)៖ យោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ គឺ ចំនួនជនរងគ្រោះស្លាប់ក្នុងករណីបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ នៅឯប្រទេស ប៉ាគីស្ថាន បានកើនដល់ ៥៩នាក់ និងជាង១៧០នាក់របួស។

ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យ ប្រទេសប៉ាគីស្ថាន គឺ​ត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។ បើតាមប៉ូលិសប៉ាគីស្ថាន ចំនួនអ្នកស្លាប់នៅក្នុង ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះបានកើនដល់ ៥៩នាក់ ក្រោយអ្នករងរបួសជាច្រើននាក់ ស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ ហើយក្នុងចំណោមអ្នកស្លាប់មានប៉ូលិស ២៧នាក់ផងដែរ។

សូមបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់ ៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។ អ្នករួចជីវិតនិងក្រុមសង្រ្គោះបាននិយាយថា ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយមានជនរង គ្រោះដទៃទៀត នៅកប់ជាប់ក្រោមគំនរបាក់បែក ខណៈមនុស្សជាច្រើននៅក្នុង ចំណោមអ្នករងរបួស​១៧០នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕