(អាម៉ាន)៖ យោងតាមការផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ បញ្ជាក់អោយដឹងថា អង្គការយូនីសេហ្វ បានចេញការព្រមានអំពីចំនួនកុមាររងគ្រោះ បន្ទាប់ពីការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល។
អង្គការយូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កុមារប៉ាឡេស្ទីន ប្រាំពីរនាក់ និងកុមារអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ គ្រាន់តែចាប់ដើមឆ្នាំ២០២៣នេះ។
អង្គការនេះបាននិយាយថា កុមារបន្តបង់ថ្លៃខ្ពស់បំផុតចំពោះអំពើហិង្សា ដោយបានអំពាវនាវដល់ គ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងអំពើហិង្សា ជាពិសេសប្រឆាំងនឹង កុមារ។ យូនីសេហ្វបានសង្កត់ធ្ងន់ថា «អំពើហឹង្សាមិនមែនជាដំណោះស្រាយទេ ហើយគ្រប់ទម្រង់ នៃអំពើហិង្សាលើកុមារគឺមិនអាចទទួលយកបានទេ។ វាត្រូវតែបញ្ចប់»។
គួរបញ្ជាក់ថា កុមារទាំងអស់មានសិទ្ធិទទួលបានការការពារ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិកុមារ៕