(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ គឺ កូរ៉េខាងជើង បានថ្កោលទោសដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែលអាចនឹងបង្កឱ្យមានសង្រ្គាមត្រជាក់ថ្មីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងអត្ថបទមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទនេះ លោក គីម តុង ម្យុង (Kim Tong-myong) ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានស្ដីពីការសិក្សានយោបាយអន្តរជាតិ របស់កូរ៉េខាងជើងបាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Jens Stoltenberg មកកាន់តំបន់ អាស៊ីភាគឦសាន គឺមានគោលដៅបញ្ចុះបញ្ចូលក្នុងការបង្កើតបក្សសម្ព័ន្ធយោធា NATO អាស៊ី។ លោក គីម តុងម្យុង បានគូសបញ្ជាក់ដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO មក កាន់កូរ៉េខាងត្បូង និងជប៉ុន គឺជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែល អាចនឹងនាំ នូវពពកដ៏ខ្មៅងងឹតនៃសង្រ្គាមត្រជាក់ថ្មីមួយមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក»៕