(សេអ៊ូល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ គឺ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានរាយការណ៍ឱ្យដឹងនាថ្ងៃអាទិត្យនេះថា ទាហានកូរ៉េខាងត្បូងម្នាក់ បានបាញ់កាំភ្លើងយន្តដោយការភាន់ច្រឡំ នៅក្បែរព្រំប្រទល់ជាប់កូរ៉េ ខាងជើង ដែលជាហេតុនាំឱ្យទីក្រុងសេអ៊ូលជូនដំណឹងភ្លាមៗ ទៅកាន់ទីក្រុងព្យុងយ៉ាងថា ទង្វើ នោះគឺត្រូវបានធ្វើឡើងដោយអចេតនាប៉ុណ្ណោះ។
ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ដែលផ្អែកលើប្រភពពីយោធាកូរ៉េខាងត្បូង បាននិយាយថា គ្រាប់ពិត ចំនួន៤គ្រាប់ ត្រូវបានបាញ់ចេញពីកាំភ្លើងយន្ត កំលុងការហ្វឹកហាត់មួយ នៅបណ្តោយព្រំដែន អន្តរកូរ៉េ ក្នុងខេត្តហ្កាងវ៉ុន (Gangwon) កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈមិនមានផែនការ ដើម្បីហាត់សមបាញ់គ្រាប់ពិតអ្វីឡើយ កំលុងការហ្វឹកហាត់នោះ។
ទោះបែបនេះក្តី គ្រាប់កាំភ្លើងទាំងអស់បានធ្លាក់នៅក្នុងដីកូរ៉េខាងត្បូងផ្ទាល់ ហើយពុំមានសេចក្តី រាយការណ៍អំពីការខូចខាតអ្វីទេ ភ្លាមៗយោធាកូរ៉េខាងត្បូង ក៏បានជូនដំណឹងជាបន្ទាន់ ប្រាប់ទៅ កាន់កូរ៉េខាងជើងថា ការបាញ់កាំភ្លើងយន្តខាងលើ គឺកើតឡើងដោយអចេតនា ហើយកូរ៉េខាងជើង ក៏ហាក់មិនបានបង្ហាញសញ្ញាខុសប្រក្រតីអ្វីដែរ ក្រោយហេតុការណ៍នោះ។
គួរបញ្ជាក់ថា កូរ៉េទាំងពីរតាមពិតគឺនៅបន្តស្ថិតក្នុង ស្ថានភាពសង្រ្គាមនៅឡើយទេ បន្ទាប់ពីការ ប្រយុទ្ធគ្នាត្រូវបានបិទបញ្ចប់ទៅ តាមរយៈបទឈប់បាញ់ កាលពីឆ្នាំ១៩៥៣ប៉ុណ្ណោះ។ ប្រទេសទាំងពីរខណ្ឌចែកគ្នាដោយតំបន់ទ្រនាប់មួយ ហៅថា DMZ ដែលមានទំហំ៤គីឡូម៉ែត្រ និងរត់កាត់ឧបទ្វីបកូរ៉េប្រវែងសរុប២៥០គីឡូម៉ែត្រ។
លើកចុងក្រោយបំផុត ដែលភាគីទាំងពីរ បាញ់កាំភ្លើងដាក់គ្នានៅតំបន់ព្រំដែន គឺកាលពីខែឧសភា ឆ្នាំ២០២០ នៅពេលគ្រាប់កាំភ្លើង៤គ្រាប់ ដែលហោះមកពីកូរ៉េខាងជើង បានត្រូវចំប៉ុស្តិ៍យាមរបស់ កូរ៉េខាងត្បូង ជាហេតុនាំឱ្យកូរ៉េខាងត្បូងបាញ់តបតទៅវិញ។ ដោយឡែក កាលពីឆ្នាំ២០១៧ កូរ៉េ ខាងជើងក៏ធ្លាប់បាញ់លើប្រជាជនខ្លួនម្នាក់ ដែលរត់កាត់ព្រំដែនដើម្បីមកចុះចូលជាមួយកូរ៉េខាង ត្បូងផងដែរ ប៉ុន្តែនាពេលនោះ កូរ៉េខាងត្បូងមិនបានបាញ់តបតវិញឡើយ៕