រោងចក្រយោធាអ៊ីរ៉ង់មួយកន្លែង ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក


 (តេអេរ៉ង់)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យ​នេះថា ការផ្ទុះដ៏ធំមួយនៅរោងចក្រផលិតគ្រាប់រំសេវ នៅកណ្តាលទីក្រុង Isfahan គឺបណ្តាលមកពី ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

ភ្លាមៗមិនមានការអះអាងពីការទទួលខុសត្រូវចំពោះការបំផ្ទុះ ដែលបានកើតឡើង ចំពេលមានភាព តានតឹងខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិចជុំវិញកម្មវិធីនុយក្លេអ៊ែរ និងការផ្គត់ផ្គង់អាវុធដល់ រុស្ស៉ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដូចជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលអស់ជាច្រើនខែមកនេះនោះទេ។

ទំហំនៃការខូចខាតក៏នៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់លាស់នោះដែរ ខណៈក្រសួងការពារ ជាតិអ៊ីរ៉ង់បានត្រឹមគូសបញ្ជាក់ថា ការផ្ទុះនេះបណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ ហើយមិន មានអ្នករងរបួសនោះទេ។

គួរបញ្ជាក់ថា កាល​ពី​ខែ​កក្កដា អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​ចាប់​ខ្លួន​ក្រុម​បំផ្លិចបំផ្លាញ​មួយ​ ដែល​មាន​សមាសភាព​ពី​ក្រុម​សកម្មប្រយុទ្ធ​ឃឺដ ដែល​ធ្វើ​ការ​ឲ្យ​អ៊ីស្រាអែល។ យោងតាមរបាយការណ៍ អ្នកដែលត្រូវបានចាប់ខ្លួន គ្រោងនឹងបំផ្ទុះមជ្ឈមណ្ឌលឧស្សាហកម្មការពារជាតិនៅទីក្រុង Isfahan ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការបំផ្ទុះ និងការបាញ់ជាច្រើនករណីនៅជុំវិញរោង ចក្រយោធារបស់អ៊ីរ៉ង់។ នៅឆ្នាំ២០២១ អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា បានបំផ្លាញរោង​ចក្រ នុយក្លេអ៊ែរ Natanz ដ៏សំខាន់របស់ខ្លួន ហើយបានប្តេជ្ញាសងសឹកចំពោះការវាយប្រហារនេះ៕