សេដ្ឋកិច្ចរបស់អាមេរិកកើនឡើង ២,១ភាគរយនៅឆ្នាំ២០២២ ទាបជាងកំណើនឆ្នាំ២០២១

(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានដឹងថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងល្បឿនយឺតក្នុងឆ្នាំ២០២២ ប៉ុន្តែដំណើរការល្អប្រសើរជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ឆ្នាំមុន ខណៈដែលការភ័យខ្លាចអំពីការដើរថយក្រោយនៃសេដ្ឋកិច្ចកើនឡើង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
សកម្មភាពសេដ្ឋកិច្ចបាននិងកំពុងថមថយ ខណៈដែលធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់កម្ចីគោលចំនួន ៧ដងកាលពីឆ្នាំមុនដោយសង្ឃឹមថានឹងធ្វើឱ្យតម្រូវការសេវាកម្មនិងទំនិញធ្លាក់ចុះ និងគ្រប់គ្រងការចំណាយ ខណៈដែលអតិផរណាបានកើនឡើង។
វិស័យអចលនទ្រព្យបានធ្លាក់ចុះ ស្របពេលដែលវិស័យផលិតកម្ម និងការលក់រាយក៏ធ្លាក់ចុះងផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិកថា សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះបានកើនឡើង ២,១ភាគរយនៅឆ្នាំ២០២២ ដែលទាបជាងតួលេខក្នុងឆ្នាំ២០២១។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការកើនឡើងផលិតផលក្នុងស្រុកសរុបពិតក្នុងឆ្នាំ២០២២ បានឆ្លុះបញ្ចាំងជាចម្បងអំពីការកើនឡើងការចំណាយរបស់អ្នកប្រើប្រាស់ ការនាំចេញ» និងការវិនិយោគមួយចំនួន។សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិកកើនឡើងលើសពីការរំពឹងទុក ដោយកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ២,៩ភាគរយ។
អត្រានេះទាបជាងបន្តិចធៀបនឹងកំណើន ៣,២ភាគរយដែលសម្រេចបាននៅក្នុងត្រីមាសទី៣ កាលពីឆ្នាំមុន និងជាកំណើនពីរត្រីមាសជាប់គ្នា បន្ទាប់ពីការធ្លាក់ចុះពីរត្រីមាស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕