សម្ដេចតេជោ ហ៊ុន សែន អំពាវនាវថ្នាក់ដឹកនាំគ្រិស្ដ ត្រូវសាមគ្គីគ្នាទាំងផ្ទៃក្នុង និងជាមួយសាសនាដទៃ ហើយមិនត្រូវឲ្យជម្លោះសាសនាកើតមាននៅកម្ពុជាឡើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកគ្រិស្ដ បើទោះបីនិកាយខុសគ្នាយ៉ាងណាក្ដី តែត្រូវសាមគ្គីភាពផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។


សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងជាមួយការរើសអើងនានា ហើយពិតជាមិនចង់ឲ្យទឹកដីមួយនេះញាំញី ទៅដោយជម្លោះសាសនានោះទេ ព្រោះថាការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្ដរាយដ៏ធំមួយដែលមិនត្រូវឲ្យកើតមាននៅនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងប្រឆាំងជាមួយការរើសអើងនានា យើងពិតជាមិនឲ្យទឹកដីរបស់យើងញាំញី ទៅដោយជម្លោះសាសនា។ ការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្ដរាយដ៏ធំមួយដែលមិនត្រូវឲ្យគាត់មាននៅក្នុង ព្រះរាជាណាចក្រកម្ពុជានោះទេ។ ថ្នាក់ដឹកនាំគ្រិស្តបរិស័ទ និងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសហគមន៍គ្រឹស្ដបរិស័ទ មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ឈរលើគោលការណ៍សុខដុមបនីយកម្ម។ ចំណុចនេះគឺជាចំណុចដូចថាខ្ញុំបានលើកឡើងខាងលើ មិនត្រូវឲ្យមានការបែកបាក់ណាមួយនៅក្នុងសហគមន៍គ្រឹស្ដរបស់យើងនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, នៅលើពិភពលោកនេះ រាប់ទាំងកម្ពុជាខ្លួនសាសនាទាំងឡាយ តែមាននិកាយខុសៗគ្នា សូម្បីតែព្រះពុទ្ធសាសនា ក៏មានធម្មយុត្ត និងមហានិកាយ នៅក្នុងឥស្លាមក៏មានខាងនិកាយច្រើនខុសគ្នា ហើយនៅក្នុងគ្រិស្ដសាសនាដែលយើងកំពុងជួបជុំគ្នានៅទីនេះ ក៏មាននិកាយខុសៗគ្នា។ ប៉ុន្តែដូចសម្ដេចបានបញ្ជាក់ការខុសគ្នាខាងជាតិសាសន៍ និងសាសនាមិនមែនជាឧបសគ្គ នៃការកសាងប្រទេសនោះ។
ផ្ទុយទៅវិញ វាកាន់តែមានភាពងាយស្រួល សម្រាប់យើងនៅក្នុងក្របខ័ណ្ឌគ្រិស្ដបរិស័ទ បើទោះបីនៅក្នុងនិកាយណាក៏ដោយតែយើងបន្ដរួមរស់ជាមួយគ្នា តាមរយៈការធ្វើសុខដុមនីយកម្ម។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា ដោយបង្ហាញនូវសុទិដ្ឋិនិយមអំពីអនាគត នៃសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌនិកាយគ្រិស្តសាសនានៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការរៀបចំដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រិស្ដបរិស័ទក្នុងប្រទេសកម្ពុជា ដោយមានកិច្ចសហការជិតស្និតជាមួយក្រសួងធម្មការ និងសាសនា៕