អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់៣ខ្នង ខូចខាតទ្រព្យសម្បត្តិជាច្រើន នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

(កំពង់ធំ)៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង និងរងផលប៉ះពាល់ផ្ទះ៣ខ្នងផ្សេងទៀត នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន មូលហេតុដោយសារទុសេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី ដែលករណីនេះនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។
លោកស្រី ហាក់ ពុទ្ធិតុសីតា ឣភិបាលរងស្រុកបារាយណ៍ បានផ្ដល់ជារបាយការណ៍ពីការឆេះផ្ទះទាំងស្រុងមាន៣ខ្នងគឺ៖១. ផ្ទះរបស់លោក មួយ គឹមផា ធ្វើពីឈើប្រក់ក្បឿង ទំហំ៧.៥ម៉ែត្រx១២ម៉ែត្រ ឆេះទាំងស្រុង និងសម្ភារៈមួយចំនួន។២. ផ្ទះរបស់លោកយាយ យ៉េង អឿ ធ្វើពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រ×១២ម៉ែត្រ ឆេះទាំងស្រុង និងសម្ភារៈឆេះទាំងអស់។៣. ផ្ទះរបស់លោក ណៃ សុខហេង ធ្វើពីបេតុងប្រក់ក្បឿង ទំហំ៦ម៉ែត្រx៨ម៉ែត្រ ឆេះទាំងសង និងសម្ភារៈមួយចំនួន។
លោកស្រី ហាក់ ពុទ្ធិតុសីតា បានបន្តថា ផ្ទះដែលរងការប៉ះពាល់មាន៣ខ្នងគឺ៖១. ផ្ទះលោក ហាក់ ស៉ីផេង។២. ផ្ទះលោក ប៉ិល សុខគង់ ឈើប្រក់ក្បឿង។៣. ផ្ទះលោក ណៃ សុខខឿន ឈើប្រក់ក្បឿង។
លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោក ប្លង់ ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនដល់គ្រួសារភ្លើងឆេះផ្ទះកាលពីព្រឹកមិញ ដើម្បីចូលរួមចំណែកលើកទឹកចិត្ត និងផ្ដល់សម្ភារៈមួយចំនួនផងដែរ។
លោកស្រី លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតពីការប្រើប្រាស់ភ្លើង សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជៀសវាងកុំឱ្យមានការឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្ទះ ពិសេសពេលចេញទៅណាមកណាត្រូវតែបិទកង់តាក់ភ្លើង និងពន្លត់ភ្លើងចង្រ្កាន ដើម្បីជៀសវាងកុំឱ្យមានបញ្ហាកើតឡើងដោយយថាហេតុ។
គួរបញ្ជាក់ថា សម្រាប់គ្រួសារដែលភ្លើងឆេះផ្ទះចំនួន៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៦បេ មី៦កេស ត្រីខ៦យូរ ទឹកត្រី៦យួរ ទឹកស៊ីអ៊ីវ៦យួរ ឃីត៦កញ្ចប់។ សម្រាប់គ្រួសារដែលឆេះផ្ទះទាំងស្រុងមានឆ្នាំងបាយឆ្នាំងសម្ល៣គ្រឿង តង់៤ផ្ទាំង កន្ទេល៣ផ្ទាំង និងថវិកាសរុបចំនួន៩០០,០០០រៀល៕