រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ថា ទីក្រុងបែរឡាំង នឹងមិនរារាំងប្រទេសប៉ូឡូញពីការបញ្ជូនរថក្រោះឲ្យអ៊ុយក្រែននោះទេ

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺង់ លោកស្រី អាណាឡេណា ប៊ែរបក់ស៍ (Annalena Baerbock) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនរារាំងនោះទេប្រសិនបើប្រទេសប៉ូឡូញចង់បញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មនា AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣។

អស់រយៈពេលជាច្រើនខែមកហើយ អ៊ុយក្រែនបានអំពាវនាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចផ្គត់ផ្គង់នូវរថក្រោះទំនើបផលិតដោយអាល្លឺម៉ង់ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការបើកភ្លើងខៀវណាមួយពីទីក្រុងបែរឡាំង ឬអនុញ្ញាតឲ្យប្រទេសជាសមាជិកណាតូផ្សេងទៀតធ្វើដូច្នេះទេ។
នៅពេលសួរថាតើនឹងមានអ្វីកើតឡើងប្រសិនបើប៉ូឡូញឈានមួយជំហានទៅមុខហើយបញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនដោយគ្មានការយល់ព្រមពីអាល្លឺង់ លោកស្រី ប៊ែរបក់ស៍ បានប្រាប់ទូរទស្សន៍ LCI របស់ប្រទេសបារាំង យ៉ាងដូច្នេះថា «សម្រាប់ពេលនេះសំណួរមិនត្រូវបានសួរទេ ប៉ុន្តែប្រសិនបើយើងត្រូវបានគេសួរបែបនេះមែននោះ យើងនឹងមិនរារាំងផ្លូវនោះទេ»៕