មនុស្ស៥០០នាក់ ត្រូវបានជម្លៀសចេញពីហេតុការណ៍អគ្គីភ័យឆេះភូមិដ៏ចំណាស់មួយ របស់កូរ៉េខាង ត្បូង


 (សេអ៊ូល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា​ ក្រុមពន្លត់អគ្គីភ័យបាននិយាយថាមនុស្សប្រហែល ៥០០នាក់ ត្រូវបានជម្លៀសចេញនៅថ្ងៃសុក្រនេះ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះភូមិដ៏ចំណាស់មួយនៃរដ្ឋធានី សេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។

អគ្គីភ័យបានឆាបឆេះនៅម៉ោង ៦និង២៧នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅក្នុងភូមិគូរីយ៉ុង (Guryong) ភាគខាងត្បូងទីក្រុងសេអ៊ូល ដែលមានផ្ទះរបស់ប្រជាពលរដ្ឋជាង៦៦០គ្រួសារ។ ផ្ទះប្រហែល ៤០ ខ្នង​នៅក្នុងតំបន់ទំហំ ១,៧០០ម៉ែត្រក្រឡាត្រូវបានបំផ្លាញ។ ក្រុមពន្លត់អគ្គីភ័យប្រហែល ២៩០នាក់ ឧទ្ធម្ភាគចក្រចំនួន ១០គ្រឿង និងមន្រ្តីប៉ូលីសជាច្រើន ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុដើម្បីពន្លត់ ភ្លើង។ រហូតមកដល់ពេលនេះមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នោះទេ។

អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក គីម អ៊ុនហ៉ី (Kim Eun-hye) បាននិយាយថា លោក យូន ស៊ុកយុល (Yoon Suk Yeol) ដែលកំពុងស្ថិតនៅក្នុងប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោក បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការខូចខាតជាអប្បបរមា និងបញ្ជាឲ្យបញ្ជូនអ្នកពន្លត់អគ្គីភ័យ និងឧបករណ៍ទាំងអស់ដែលមានចូលរួមក្នុងប្រតិបត្តិការជួយ​សង្រ្គោះ។

គួរបញ្ជាក់ថាតំបន់ដែលមិនទាន់មានការរៀបចំចុងក្រោយមួយដែលនៅសេសសល់នៃភូមិខាងលើនេះ គឺជានិមិត្តរូបនៃការរស់នៅភាពមិនស្មើគ្នា នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ ក្នុងតំបន់អាស៊ី គឺនៅជិតស្រុកកាងណាម (Gangnam)។ តំបន់នេះក៏ងាយនឹងកើតមានភ្លើងឆេះ ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយផ្ទះជាច្រើនត្រូវបានសាងសង់ដោយប្រើក្រដាស កាតុងធ្វើកេស និងឈើ ហើយអ្នកស្រុកប្រឈមនឹងបញ្ហាសុវត្ថិភាព និងសុខភាព៕